រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាលជួបសម្ដែងការគួរសម ពិភាក្សាការងារជាមួយប្រតិភូប្រៃសណីយ៍កម្ពុជា អំពីសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូប្រៃសណីយ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា អំពីសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ក្នុងជំនួបសម្ដែងការគួរសមនេះឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា៖ ប្រៃសណីយ៍កម្ពុជា គឺជាប្រតិបត្តិករជាតិដែលបានផ្តល់សេវាដឹកជញ្ជូនបញ្ញើកញ្ចប់អីវ៉ាន់ សេវាឆាប់រហ័ស (EMS) នៅក្នុងស្រុក និងក្រៅស្រុក ដែលទទួលបាននូវសុវត្ថិភាព និងលឿនរហ័សទាន់ចិត្ត។ បច្ចុប្បន្ន ប្រៃសណីយ៍កម្ពុជា មានទីតាំងចំនួន៣ ទូទាំងខេត្តកណ្តាល ដូចជា ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ព្រមទាំងបានចុះ (MOU) ជាមួយសាលាដំបូងខេត្តកណ្តាល ក្នុងការចែកដីការ តុលាការ និងលិខិតផ្សេងៗ នៅតាមក្រុង ស្រុក ទូទាំងខេត្តកណ្តាល។ឯកឧត្តមបានបន្តទៀតថា៖ ប្រៃសណីយ៍កម្ពុជាជាសហគ្រាសសាធារណៈបម្រើ ដឹកជញ្ជូន និងចែកចាយបញ្ញើគ្រប់ប្រភេទ ទូទាំងប្រទេស និងអន្តរជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសហភាពប្រៃសណីយ៍សកល (UPU) តាមតម្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់ ជាតិសាសន៍ និងពណ៌សម្បុរ ហើយប្រៃសណីយ៍កម្ពុជាកំពុងបម្រើជូនក្រសួង មន្ទីរ ស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុន ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានថ្នាក់ដឹកនាំប្រតិភូប្រៃសណីយ៍កម្ពុជា អញ្ជើញមកខេត្តកណ្តាល ក្នុងគោលបំណង ផ្សព្វផ្សាយអំពីសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ នាឱកាសនេះ ។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បាន បន្តទៀតថា៖ រដ្ឋបាលខេត្ត និងត្រៀមផ្តល់កិច្ចសហការល្អជាមួយប្រៃសណីយ៍កម្ពុជា សំដៅជំរុញអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ” ។

អត្ថបទទាក់ទង