នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ ក្រុមហ៊ុន ដែលផ្ដោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុនបានបន្ថែមទៀតថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹក ច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិក ពីបរិយាកាសផងដែរ។ ដោយពិនិត្យឃើញ អំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជា ដែលមានលក្ខណៈអំណោយផល ទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេច សម្រាប់នាំចេញទៅក្រៅប្រទេស។ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថា៖ គោលបំណងសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើននូវប្រាក់ចំណូល សម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចធិបតី ក៏បានបញ្ចាក់ផងដែរថា ៖រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប និងថ្មីដេីម្បីផលិតថាមពលអគ្គិសនី គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត។ រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ឈប់ការផ្តល់ការអនុញ្ញាតឱ្យបង្កេីតនូវរោងចក្រដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែបទៀត ផងដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា។ បន្ថែមពីនេះ ឆ្លេីយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ៕