រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

+++++++++++++++++++ខេត្តកណ្ដាល៖ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះថា៖ ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ចបានពេញលេញ និងទូលំទូលាយ ទាមទារឱ្យ មានការពង្រឹងសមត្ថភាព បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកវិជ្ជា។ លោកជំទាវ រដ្ឋលេខាធិការ បន្តថា៖ បញ្ហាសមភាពយេនឌ័រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាកិច្ចការអាទិភាពមួយក្នុង ចំណោមកិច្ចការអាទិភាពនានា នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ជាពិសេសតួនាទីរបស់ស្ត្រីក្នុងការធ្វើ សេចក្តីសម្រេច និងធ្វើឱ្យស្ត្រីទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍ ការផ្តល់សេវាសាធារណៈ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសមធម៌ និងបរិយាបន្ន។

លោកជំទាវ បន្ថែមថា៖ ព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហា ការប្រឈម ការប្តេជ្ញាចិត្ត និងវិធាន ការសំខាន់ៗ ក្នុងគោលបំណងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ជាពិសេស ដើម្បីឈានទៅសម្រេចបានសមភាពយេនឌ័រនៅក្នុងប្រទេស។ ហើយនៅឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយុទ្ធនាការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការ លើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យ ឌីជីថល ដើម្បីលើកកម្ពស់គុណ ភាពជីវិត ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធភាព។

លោកជំទាវ បានឱ្យដឹងថាទៀតថា៖ នៅប្រទេសកម្ពុជា វត្តមានស្ត្រីក្នុងការងារសង្គមមានចំនួនកាន់តែច្រើនឡើងៗ ដែលពួកគេមានតួនាទី ដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានស្ត្រីជាច្រើនបានក្លាយជាម្ចាស់ក្រុមហ៊ុន និងម្ចាស់សហគ្រាសនៅកម្ពុជា។ ជាក់ស្តែងចំនួនស្ត្រីជាម្ចាស់ ក្រុមហ៊ុនបានកើនឡើង ២០% ចំណែកចំនួនស្ត្រី ដែលជាម្ចាស់សហគ្រាសក៍បានកើនឡើងជាង ៣០% ផងដែរ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកិច្ចការនារីឆ្នាំ២០២២។

អត្ថបទទាក់ទង