++++++++++++រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង«ពិធីអបអរសាទរខួបលើកទី២៦ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៤ និងពិធីសំណេះសំណាលពិសារអាហារសាមគ្គីរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសិល្បករ សិល្បការិនី»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅមជ្ឈមណ្ឌលពិពណ៌និងសន្និបាតកោះពេជ្រ។ «ទិវាវប្បធម៌ជាតិ៣មីនា» ប្រារព្ធធ្វើឡើងក្នុងឆ្នាំនេះជាលើកទី២៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំ ប្រារព្ធទិវាវប្បធម៌ជាតិ ហើយក៏ជាលើកទី៥ នៃការរៀបចំពិធីជួបជុំរវាងសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ដ្រី បុគ្គលិករួម និងអ្នកបម្រើក្នុង វិស័យវប្បធម៌និងសិល្បៈ ជាមួយនាយករដ្ឋមន្ត្រី តាមរយៈគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជា៕