រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «គោរពស្រឡាញ់វប្បធម៌ជាតិ»

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវមានចំណេះដឹង ឬត្រូវយល់ដឹងឱ្យបានល្អអំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌​ជាតិនាល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៦ ឆ្នាំ ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេស លើកទី ៥ ដែលប្រព្រឹត្តទៅនាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។មានប្រសាសន៍ក្នុងពិធីដ៏វិសេសវិសាលនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នាំនូវក្តីនឹករឭក ការផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែង​អំណរគុណពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី​ទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំទាំងក្នុង និងក្រៅប្រព័ន្ធ និងគ្រប់ទម្រង់សកម្មភាពវប្បធម៌ និងសិល្បៈ ជាពិសេស ជោគជ័យនៃការសម្តែងប្រកបដោយទេពកោសល្យ និងវប្បធម៌ខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅ ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗទៀត ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលបានរៀបចំ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅ​ក្រៅ​ប្រទេស ។ សម្តេចធិបតី បន្តធ្វើការគូសបញ្ជាក់ថា សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ឆ្លុះបញ្ចាំង​នូវ​លក្ខណៈដ៏ផូរផង់របស់ជាតិ។ ការរៀបចំឱ្យមានការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ មិនត្រឹមតែរំឭកទៅដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែ ជាព្រឹត្តិការណ៍រំឭក ពញ្ញាក់អារម្មណ៍ និង បំផុសស្មារតីស្រឡាញ់ ថែរក្សាការពារ សិល្បៈវប្បធម៌ជាតិ ដែលជាអត្តសញ្ញាណរបស់ជាតិ និង ប្រជាជន ។ ក្នុងរយៈពេល ៩ ឆ្នាំជាប់គ្នាចុងក្រោយនេះ, រាជរដ្ឋាភិបាលបានកំណត់យកប្រធានបទតែមួយ គឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ដោយសារតែវិសាលភាពដ៏ធំនៃវិស័យសិល្បៈវប្បធម៌ ការងារពង្រឹង ថែរក្សា​ និង អភិវឌ្ឍគ្មានដែនកំណត់ ជាកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក៏ដូចជា វិស័យដែលងាយរងនូវហានិភ័យ ដែលកើតចេញពី​ការកើន​ឡើង​នៃ​សកលភាវូបនីយកម្មសិល្បៈវប្បធម៌ក្នុងតំបន់ និងពិភពលោក ព្រមទាំងពីស្ថានភាពដែលបច្ចេកវិទ្យាបាន និងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសេដ្ឋកិច្ច និងសង្គម ។សម្តេច ហ៊ុន ម៉ាណែត បន្តធ្វើការពន្យល់ទៀតថា ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែ ដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវមានចំណេះដឹង ឬត្រូវយល់ដឹងឱ្យបានល្អអំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌​ជាតិយើង ។ ក្នុងន័យនេះ ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង បានបង្កើនឱកាសនៃការចូលរួម បង្កើតឱ្យមានភាពទាក់ទាញកាន់តែខ្លាំងដល់មហាជនទូទៅ ជាពិសេសយុវជន និងពង្រឹងសេចក្តីគោរពស្រឡាញ់មកលើវប្បធម៌ ទាំងរូបីយ និងអរូបីយរបស់ជាតិ ។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែមានសេចក្តីគោរពស្រឡាញ់ ប៉ុន្តែការយល់ដឹងមិនគ្រប់ជ្រុងជ្រោយ ងាយនឹងនាំទៅដល់សកម្មភាពនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សិល្បៈ វប្បធម៌ជាតិ ដោយមិនដឹងខ្លួន ។ ក្នុងន័យនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងសិល្បករ សិល្បការិនី ត្រូវបន្តកិច្ចខិតខំរួមគ្នា បង្កើតឱ្យបាននូវអត្ថបទ រូបភាព ក៏ដូចជាភាពយន្តខ្លីៗ ដែលបង្កប់ដោយការអប់រំ និងភាពទាក់ទាញចំពោះការយល់ដឹងរបស់យុវជន ។ ដោយឡែក ការបង្កើតឱ្យមានព្រឹត្តិការណ៍សិល្បៈ វប្បធម៌ ឱ្យកាន់តែច្រើន ដូចជា ព្រឹត្តិការណ៍រំឭកគុណអង្គរ, សំណេរអង្គរ, រាត្រីចងចាំ, រាត្រីសមោសរសម្លៀកបំពាក់សំពត់បត់ខ្មែរ, ការប្រគុំសិល្បៈតន្រ្តីប្រពៃណី និង ព្រឹត្តិការណ៍​ផ្សេងៗ នៅតាមទីតាំងប្រវត្តិសាស្ត្រ ជាដើម សុទ្ធតែជាទម្រង់បញ្រ្ជាបការយល់ដឹង និង បង្កើតសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិយើង ។ ជាមួយគ្នានេះ ការទន្រ្ទានកាន់កាប់ ការទាមទារយកជាកម្មសិទ្ធិ ការជួញដូរដីធ្លីដែលប៉ះពាល់ដល់តំបន់ការពារបុរាណដ្ឋានគ្រប់ប្រភេទ និងការជីកកកាយខុសច្បាប់ សុទ្ធតែជាទង្វើដែលប្រាសចាកពីសេចក្ដីស្រឡាញ់ចំពោះវប្បធម៌ជាតិ ។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង គ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តចាត់វិធានការអប់រំ ទប់ស្កាត់ និងប្រើប្រាស់នីតិវិធីច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារឱ្យបាននូវគ្រប់ប្រភេទបេតិកភណ្ឌ ដោយត្រូវជំរុញផងដែរ នូវការកំណត់ព្រំការពារ និងការលើកស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់ ។ជាចុងក្រោយ សម្តេចមហាបវរធិបតី បានផ្តល់ជាមតិយោបល់ពាក់ព័ន្ធនឹង​ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» មានជាអាទ៍៖​ ទី១.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបង្កើនកិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈដ្ឋានជំនាញសិល្បៈ លើកទឹកចិត្ត ឧបត្ថម្ភជាជំនួយសម្ភារៈបច្ចេកទេសដល់ក្រុមយុវជនដែលកំពុងផ្តោតលើការស្រាវជ្រាវ និង បង្កើតស្នាដៃថ្មីៗ នៃសិល្បៈទស្សនីយភាព ចម្រៀង ភាពយន្ត វីដេអូ និងស្នាដៃវប្បធម៌ផ្សេងៗទៀត ដោយត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណ ក្រមសីលធម៌វិជ្ជាជីវៈ និងមានលក្ខណៈប្រកួតប្រជែង ។ ទី២. ជំរុញយុវជន ឱ្យផ្តោតលើការពង្រឹងគុណភាព ប្រណិតភាព ម៉ាកយីហោផលិតផល ចៀសវាងការលួចចម្លងនូវរាល់ផលិតផលសិល្បៈនានា ទាំងបុរាណ សម័យ និងផលិតផលច្នៃប្រតិដ្ឋថ្មី ដើម្បីលើក កម្ពស់ការផលិត និងពង្រឹងការទទួលស្គាល់ ទំនុកចិត្ត និងទីផ្សារ ។ ទី៣. បង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាសកាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាលស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយវប្បធម៌ជាតិ ​ជាពិសេស ការងារសិល្បៈ និងទម្រង់សម្លៀកបំពាក់ប្រពៃណី ។ បច្ចុប្បន្ន មហាជន ជាពិសេសយុវជនវ័យក្មេង កំពុងពេញនិយម និងមានមោទនភាពខ្ពស់ ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី, ប៉ុន្តែការយល់ច្បាស់ពីទម្រង់ និងរបៀបរបបប្រើប្រាស់ នៅមានភាពស្រពេចស្រពិល បង្កការភ័ន្តច្រឡំ និងការប្រើប្រាស់ខុស ៕

អត្ថបទទាក់ទង