រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ»

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង ១០លានដុល្លារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ មន្ទីរពេទ្យតេជោសែនកោះធំ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាមួយទៀត ដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពសាធារណៈកម្ពុជា។

មន្ទីរពេទ្យនេះ នឹងផ្តល់តម្លៃជាប្រវត្តិសាស្រ្តសម្រាប់វិស័យសុខាភិបាល ដែលបានលេចចេញជារូបរាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែចាត់ទុកលើការវិនិយោគ ថែទាំសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាអាទិភាពចម្បងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជាក់ស្តែង មន្ទីរពេទ្យតេជោសែនកោះធំ ដែលបានចាប់ផ្តើមសាងសង់កាលពីចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះនឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ដែលសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិ ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

មន្ទីរពេទ្យស្រុកកោះធំ បានវិវត្តមកជាមន្ទីរពេទ្យ «តេជោសែនកោះធំ»នឹងជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ បំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ ក្លាយជាមន្ទីរពេទ្យដើរតួនាទីដ៏សំខាន់ក្នុងការ ផ្តល់សេវាសុខាភិបាល សាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។តាងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងលោកជំទាវ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ដែលបានផ្តួចផ្តើម និងឧបត្ថម្ភថវិកាសម្រាប់សាងសង់ រួមជាមួយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការសាងសង់រហូតសម្រេចបានជាសមិទ្ធផលយ៉ាងធំធេងក្នុងវិស័យសុខាភិបាលជូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង