ខេត្តកណ្តាល៖ប្រជាពលរដ្ឋនៅភូមិខ្ពប សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល ទទួលបានវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណ វត្តក្បាលកោះ។ មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមហារដ្ឋបុរសដែលមានទេពកោសល្យ បំផុតប្រកបដោយគតិបណ្ឌិត បានដឹកនាំគោលនយោបាយឈ្នះ-ឈ្នះ ការបង្រួប បង្រួមជាតិ និងបាននាំមកឲ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ។ល។ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវប្ដេជ្ញាធ្វើយ៉ាងណា ថែរក្សា សន្តិភាព ដែលរកមកបានដោយលំបាកនេះ ឲ្យនៅស្ថិតស្ថេរគង់វង្ស ជូនប្រជាពលរដ្ឋ ទុកជូនកូនចៅរបស់យើងឲ្យបានយូរអង្វែងច្រើនជំនាន់ ដើម្បីបន្តពង្រីកឱកាសអភិវឌ្ឍ ឲ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។ ឯកឧត្តមបន្ថែមថា៖ មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុកស្មាញជូនបងប្អូនប្រជាពលរដ្ឋឡើយ។ ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានយក ចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ចូលរួមសហការគ្នាជាមួយមន្ត្រីចុះបញ្ជី អនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក៏ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំពុះពាររាល់ការលំបាក រហូតឈានដល់ការចែកប័ណ្ណជូនប្រជាជនរដ្ឋនាពេលនេះ ហើយសកម្មភាពរបស់ អស់លោក លោកស្រី ក៏ជាការរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចចតុកោណ ដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី។ឯកឧត្តមក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ។ ថ្លែងក្នុងពិធីនេះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ បើគិតមកដល់ពេលនេះរដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ២០៨ លើកស្មើនឹង ២៩០,២២៧ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២០៩នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិខ្ពប សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ សរុបចំនួន ៤៥៦ប័ណ្ណ ៕