រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំតុបតែងកែលម្អសោភ័ណភាពក្រុងតាខ្មៅឱ្យទទួលបានការចាប់អារម្មណ៍ និងទាក់ទាញប្រជាពលរដ្ឋ មកអញ្ជើញលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។ ឯកឧត្តម អភិបាលខេត្ត បន្តថា៖ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ ដែលមានកម្មវិធីកម្សាន្តសប្បាយនានាជាច្រើន រយៈពេល៤ ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រៅពីពិធីសាសនា រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកម្មវិធីកម្សាន្តសប្បាយដូចជា៖ ការប្រកួតបាល់ទាត់នារី, រត់ប្រណាំង, ប្រណាំងកង់, ការលេងល្បែងប្រជាប្រិយ, ការសម្តែងល្ខោនបាសាក់, រាំវង់តន្ត្រីស្គរដី តន្ត្រីសម័យ (អមដោយស្តង់ពិព័រណ៍) បណ្តែតគោមទឹក, គោមខ្យល់ និងការបាញ់កាំជ្រួច អបអរសាទរសង្ក្រាន្តខេត្តកណ្ដាលផងដែរ។ ក្នុងឱកាសដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញមកទស្សនាកំសាន្តសប្បាយឱ្យបានច្រើនកុះករ ដែលមានរយៈពេល៤ ថ្ងៃនៃព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរៀបចំផែនការការពារសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំពិសេសប្រជាពលរដ្ឋ ដែលមកលេងសប្បាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយ។

អត្ថបទទាក់ទង