ខេត្តកណ្តាល ៖ សមិទ្ធផលនានាជាច្រើនក្នុងវត្តពោធិ៍លាស់ ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំង មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ ជាច្រើនរូបទៀត ស្ថិតក្នុងភូមិពោធិ៍លាស់ ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងថា៖ វិស័យនានានៅខេត្តកណ្តាល មានការរីកចម្រើនគួជាទីមោទនៈ ដោយឡែកការប្រតិបត្តិសាសនានានាក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ។ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើកទូលាយលើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេង ដ៏ឆ្នើមមួយរូប បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនា ចំនួន ៥ គឺ: កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានការកែទម្រង់ដ៏មុតស្រួច ដោយបានកំណត់អាទិភាពជាគន្លឹះ ចំនួន ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិ សេស ផ្តោតលើ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹង សេដ្ឋកិច្ច-សង្គម ព្រមទាំង តម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។រាជរដ្ឋាភិបាល នីតិកាលទី៧ បានផ្តល់អាទិភាពខ្ពស់ និងបន្ទាន់លើការជំរុញអនុវត្តសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជាបញ្ហាដ៏មានសារៈសំខាន់ ដើម្បីធានាដល់សុខសន្តិភាពការបង្រួបបង្រួមជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ ក្នុងនោះទីអារាមក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងជនក្រីក្រផងដែរ។ ទីអារាមបានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទានកុមារ និងយុវជនមួយ ចំនួនដែលមិនមានលទ្ធភាពក៏បានប្រើប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួសដើម្បីបន្តការសិក្សា និងមួយចំនួនទៀតក៏បានស្នាក់នៅដើម្បីបន្តការសិក្សា។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានអំពាវនាវ ដល់សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ សូមចូលរួមដើម្បីថែរក្សា កសាងសម្ធិផល ក្នុងព្រះពុទ្ធសាសនា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនជាលំដាប់៕