-------សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យថ្នាក់នាំ ជានាយទាហានពង្រឹងការធ្វើការទូតយោធាជាមួយបណ្ដាប្រទេសនានា ស្វែងយល់ពីការប្រែប្រួលសភាពការណ៍តំបន់ ដើម្បីបញ្ជៀសជម្លោះប្រដាប់អាវុធ ដែលអាចកើតឡើងដោយសារការខ្វះការទំនាក់ទំនងល្អ។ក្នុងឱកាសអញ្ជើញជាអធិបតី“ សម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ”នាព្រឹកថ្ងៃទី១៩ មេសា ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា នាយទាហានត្រូវមានការយល់ដឹងឱ្យបានទូលំទូលាយ ទាំងបច្ចេកទេស ទាំងភូមិសាស្ត្រនយោបាយពិភពលោក។លើសពីនេះទៅទៀត កងយោធពលខេមរភូមិន្ទដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងកិច្ចសហការជាមួយបណ្ដាប្រទេសជិតខាង ដើម្បីទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនបានយ៉ាងមានប្រសិទ្ធភាព។ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យសាកលវិទ្យាល័យការពារជាតិបណ្តុះបណ្ដាយនាយទាហានឱ្យមានប្រសិទ្ធភាព ព្រោះស្នូលនៃការពារជាតិគឺធនធានមនុស្ស ដើម្បីធានាដល់កិច្ចការពារ និងការថែរក្សាសន្តិសុខជាតិ។សូមជម្រាប់ជូនថា សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ សិក្សាលើផ្នែកការវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការពារព្រំដែន កិច្ចការពារសន្តិសុខជាតិ កំណែទម្រង់យោធា ការចូលរួមក្នុងវិស័យការពារជាតិ និងសន្តិសុខ លើឆាកអន្តរជាតិ សិក្សាផ្នែក វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសាបរទេសជូនដល់ កងយោធពលខេមរភូមិន្ទ៕ ដោយ៖ក្រសួងព័ត៌មាន