ខេត្តកណ្ដាល៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យអាជីវករ និងផលិតករចម្លាក់ប្រាក់ស្ពាន់ ត្រូវចងក្រងជាឯកសារ និងរូបមន្តនៃការផលិតចម្លាក់ប្រាក់ស្ពាន់របស់ខ្លួន ឱ្យស្របទៅតាមសម័យកាលនីមួយៗច្បាស់លាស់ ដើម្បីរក្សាទុកជាកេរ្តិ៍ដំណែលតពីដូនតាឱ្យបានគង់វង្ស និងខិតខំបង្កើនគុណភាព និងសោភ័ណភាព លើផលិតផលរបស់ខ្លួនឈានទៅរកការធ្វើជាកម្មសិទ្ធិបញ្ញាបង្កើតជាម៉ាកយីហោ ឱ្យផលិតផលរបស់ខ្លួនកាន់មានតម្លៃនៅលើទីផ្សារ។ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់អាជីវករ និងផលិតករចម្លាក់ប្រាក់ស្ពាន់ បែបនេះ ក្នុងឱកាសដែលឯកឧត្ដមរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល អាជ្ញាធរស្រុកពញាឮ អាជីវករ និងផលិតករ ដែលប្រារព្ធធ្វើនៅសាលាស្រុកពញាឮ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្ដម រដ្ឋលេខាធិការ បន្តថា៖ ការរៀបចំបង្កើតសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាលនេះ គឺក្នុងគោលបំណងដើម្បី លើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់ស្ពាន់ បម្រើឱ្យការទាក់ទាញពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ឱ្យមានការរីកចម្រើន ដើម្បីរក្សាទុកជាកេរ្តិ៍ដំណែលតពីដូនតាឱ្យបានគង់វង្ស ប្រកបដោយគុណភាព សោភ័ណភាព លើផលិតផលរបស់ខ្លួនឈាន ទៅរកការធ្វើជាកម្មសិទ្ធិបញ្ញាបង្កើតជាម៉ាកយីហោ ឱ្យផលិតផលរបស់ខ្លួនកាន់មានតម្លៃនៅលើទីផ្សារ។ ឯកឧត្ដម រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បន្ថែមថា៖ បន្ទាប់ពីជ្រើសរើសបានប្រធានសមាគមចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាលនេះរួចហើយ ក្រសួងពាណិជ្ជកម្ម ស្នើរប្រធានសមាគមថ្មី ឱ្យជ្រើសរើសទីតាំងតាមផ្ទះរបស់ផលិតករដែលមានស្នាដៃល្អៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចូលមកទស្សនា និងទិញនូវផលិតផល ឬគ្រឿងចម្លាក់ទាំងនោះផងដែរ។ ហើយទីតាំងដែលបានជ្រើសរើស នឹងបម្រើដល់គោលដៅទេសចរវប្បធម៌ផង និងប្រពៃណីផង។ ជាមួយគ្នានេះដែរ ការរៀបចំនេះ នឹងក្លាយជាចំណែកយ៉ាងសំខាន់ ដែលអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្ម អាចជួយសម្របសម្រួលក្នុងការផ្សព្វផ្សាយ ស្វែងរក និងផ្គូផ្គងដៃគូពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅប្រទេស ជូនសមាគមផងដែរ។ សូមបញ្ជាក់ផងដែរថា៖ ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល លោកស្រី ចាប សម្បត្តិ ត្រូវបានបោះឆ្នោតជាប់ជាប្រធានគណៈកម្មាធិការប្រតិបត្តិសមាគម ព្រមទាំងអនុប្រធានគណៈកម្មាធិការប្រតិបត្តិសមាគម ចំនួន២រូប មាន៖ កញ្ញា ហ៊ើ រ៉ាម៉ាណែត និងលោក ហួត ប៉េងលាង។