++++++++++ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងខេត្តកណ្តាល ជាង ១០០០នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការរៀបចំពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានារៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដោយមានជាកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្រោយបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានបន្តអនុវត្តតាមទស្សនទានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានផ្តួចផ្តើមដាក់ចេញអនុសាសន៍ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយបានដាក់បញ្ចូលនូវគំនិតផ្តួចផ្តើមនេះ ទៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២ សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក៏បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៥ សម្រាប់អនុវត្តភ្លាមនៅដើមអាណត្តិទី៧ ក្នុងនោះបានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយកម្មវិធីនេះបានអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ក្នុងអំឡុងពេលនៃការសិក្សា យុវជនជាសិស្សក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀល ប្រចាំខែពីរាជរដ្ឋាភិបាលផងដែរ ដើម្បីធានាថា យុវជនអាចផ្តោតអារម្មណ៍យកចិត្តទុកដាក់លើការសិក្សា ក្រេបជញ្ជក់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី គឺ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ”។លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បានឱ្យដឹងថា បច្ចុប្បន្នខេត្តមានរោងចក្រ សហគ្រាសមានសរុបចំនួន ៥១០ សហគ្រាស ដែលអាចស្រូបយកកម្លាំងពលកម្មបានចំនួន ១៧១,៥៤១ នាក់ ស្រ្តី ១១៨,៧១៦នាក់។ ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ ដេរស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ១៩១ រោងចក្រ សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ១៤៥,២២៨ នាក់ ស្រ្តី ១០៦,៤២៥ នាក់។