រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៣៨៥ ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកប៉ាន និងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល៖ប្រជាពលរដ្ឋក្នុងភូមិព្រែកប៉ាន និងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ទទួលបានវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៤នេះ នៅក្នុងបរិវេណ វត្តស្លាកិតុ។ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានមានប្រសាសន៍ថា៖ក្រោមសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមហារដ្ឋបុរសដែលមានទេពកោសល្យ បំផុតប្រកបដោយគតិបណ្ឌិត បាននាំមកឲ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាពពិតប្រាកដ និងធ្វើឲ្យប្រជាពលរដ្ឋមាន ភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព។ លោកបន្តថា៖ការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លីគោលបំណងជាទូទៅ ទីផ្សារដីធ្លី ទប់ស្កាត់ឫដោះ ស្រាយជម្លោះដីធ្លីគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និងប្រសិទ្ធភាព និរន្តរភាពព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ល។ លោកបន្ថែមថា៖ក្នុងនាមរដ្ឋបាលស្រុកលោកសង្ឃឹមយ៉ាងមុតមាំថាសមិទ្ធផលថ្មីៗ នៃការចុះបញ្ជីដីធ្លី និងការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាឱកាសនេះបានបង្ហាញអំពីល័ក្ខខណ្ឌគតិយុត្តទទួលស្គាល់ជាផ្លូវច្បាប់យ៉ាងពេញលេញ និងរឹងមាំជូនដល់ម្ចាស់កម្មសិទ្ធិដែលកំពុងកាន់កាប់ និងអាស្រ័យជាក់ស្តែងលើដីធ្លីរបស់ខ្លួនឱ្យមានភាពច្បាស់ លាស់ទាំងទីតាំង និយាមការក្បាលដី ទំហំ និងប្រភេទដីដែលកើតមានអំពីភាពមិនច្បាស់លាស់ និងកាត់បន្ថយទំនាស់ នៃការកាន់កាប់កន្លងមក។សមិទ្ធផលទាំងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើមបំផុតដែលជានិច្ចកាលតែងបានគិតគូរអំពីសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ លោកអភិបាលស្រុក ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត។ ក្នុងឱកាសនោះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ បើគិតមកដល់ពេលនេះរដ្ឋបាលខេត្តបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៣៦២,០៤៤ប័ណ្ណ និងធ្វើការចែកប័ណ្ណជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២១១ លើកស្មើនឹង ២៩០,២៥៨ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២១២នៃការចែករិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពីភូមិព្រែកប៉ាន និងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង សរុបចំនួន ២,៣៨៥ប័ណ្ណ ។ លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជានៅទូទាំងខេត្តកណ្តាល ថាការ វាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅបង្កបង្កើនផល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន៕

អត្ថបទទាក់ទង