+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ កម្មករនិយោជិត ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅរោងចក្រ BOWKER GARMENT FACTORY (CAMBODIA) COMPANY LIMETED ស្ថិតក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល។ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេសបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ ពិសេសបងប្អូនកម្មករនិយោជិត តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យបងប្អូនកម្មករនិយោជិតទាំងអស់បានយល់ដឹកកាន់តែច្បាស់ស្តីពីសុវត្ថិភាពក្នុងការធ្វើដំណើរ។
ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ក្នុ្ងងទឹកដីខេត្តកណ្តាល ត្រូវជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់បងប្អូនកម្មករនិយោជិតទាំងអស់ដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស របស់ខ្លួនមានឱកាសចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូកគោក ដែលក្រសួង ស្ថាប័ននានា ពិសេសដូចពិធីផ្សព្វផ្សាយដែល ប.ស.ស. បានសហការរៀបចំឡើងនៅពេលនេះ។ ក្នុងពិធីដែរ ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងសុខសុវត្ថិភាពរបស់បងប្អូនកម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់សកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម។ ជាពិសេសក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការការរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិត សំដៅលើកកម្ពស់កម្មវិធី បង្ការហានិភ័យការងារ តាមរយៈការធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតជាប្រចាំ និងជំរុញការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករនិយោជិតពេលបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកបងប្អូនកម្មករនិយោជិត ដែលអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់ឱ្យបានយ៉ាងយូរត្រឹមឆ្នាំ ២០២៧។ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានបន្តថា ការជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករនិយោជិតពេលបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកបងប្អូនកម្មករនិយោជិត ដែល ប.ស.ស. កំពុងសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធនានា និងកំពុងអនុវត្តការងាររហូតមកដល់ពេលនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យនៅកម្រិតទាបបំផុត ដែលអាចរក្សាបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។ឯកឧត្តមឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកដែលធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិត ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងករណីគ្រោះថ្នាក់ និងអាចបង្ការបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ។ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវ និងក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្ករជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះបងប្អូនកម្មករនិយោជិតរាប់សិបនាក់បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់។