ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានជំរុញ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ស្អាង ត្រូវខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ដើម្បីប្រែក្លាយវិទ្យាល័យ ហ៊ុន សែន ស្អាង ទៅជាសាលាគំរូ នៅក្នុងឆ្នាំ២០២៤នេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងអាជ្ញាធរស្រុកស្អាង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា៖ នៅឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា មានគោលដៅប្រែក្លាយសាលារៀនពី ៥០០សាលា ទៅ១០០០សាលា ឱ្យក្លាយជាសាលាគំរូដែលមានស្តង់ដារចំនួន៥ ហើយវិទ្យាល័យហ៊ុនសែនស្អាង ដើម្បីក្លាយជាសាលាគំរូបាន ត្រូវតែមានស្តង់ដារចំនួន៥ រួមមាន៖
ទីមួយ៖ លទ្ធផលរបស់សិស្ស សាលារៀនគំរូលទ្ធផលរបស់សិស្សកាន់តែល្អប្រសើរ មានន័យថាការប្រឡងរបស់សិស្សខ្ពស់មានអត្រាជាប់ចាប់ពី ៧៥% ទៅ ៨០% ឡើងទៅ។
ទីពីរ៖ លើកកម្ពស់ការរៀន និងការបង្រៀន គឺលើកកម្ពស់ការរៀនពេញមួយថ្ងៃទីបី៖ ការលើសកម្ពស់សុខភាពសិក្សា ឬការលើកកម្ពស់ការចូលរួមរបស់សហគមន៍ នៅក្នុងការគ្រប់គ្រងសាលារៀន។ទីបួន៖ ការធានាបាននៅរដ្ឋបាលសិក្សា។ទីប្រាំ៖ គណនេយ្យភាពជាមួយសហគមន៍។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា៖ ដើម្បីឱ្យលទ្ធផលរបស់សិស្សបានល្អប្រសើរសាលារៀនត្រូវតែ បង្កើនម៉ោងសិក្សាឱ្យបានពេញមួយថ្ងៃ អនុវត្តឱ្យបានពេញលេញនូវកម្មវិធីសិក្សា ដូចនេះបានជាក្រសួងមកសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្អាង ដោយសង្កេតឃើញថា បរិស្ថានសិក្សាល្អប្រសើរ រៀបចំថ្នាក់រៀនបានល្អប្រសើរ ជាពិសេសបានអនុវត្តកម្មវិធីសិក្សាបានយ៉ាងល្អ ដែលឈានទៅឱ្យលទ្ធផលសិក្សារបស់សិស្សទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះបឋមសិក្សាត្រូវបានលើកកម្ពស់អំណានដំបូង គណិតវិទ្យាដំបូង និងមធ្យមសិក្សាគឺការអនុវត្តការសិក្សាបានពេញលេញ កែលម្អវិធីសាស្ត្របង្រៀន ត្រូវបង្រៀនរបៀបណាឱ្យសិស្សរៀនពូកែ ហើយប្រសិនបើសិស្សរៀនខ្សោយត្រូវបង្កើតកម្មវិធីបន្ថែមដើម្បីឱ្យសិស្សបានរៀនបន្ថែមទៀត ដែលទាំងអស់នេះហើយក៏ត្រូវតែមានការចូលរួមនិងគាំទ្រ ពីមាតាបិតា និងតំណាងអាជ្ញាធរមូលដ្ឋានផងដែរ។