រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុក ពិសេសរដ្ឋបាលស្រុកពញាឮ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យវិសាខបូជា ដែលជារៀងរាល់ឆ្នាំប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ដែលកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ស្ថិតនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមព្រះរាជវត្តមាន វត្តមាន សម្ដេចសង្ឃ និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងប្រទេស ដូចនេះសូមឱ្យអភិបាលក្រុង-ស្រុក ពិសេសរដ្ឋបាលស្រុកពញាឮ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ ដែលនឹងមកអញ្ជើញក្នុងពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជាទ្រព្យ ស្រុកពញាឮ ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយ ធ្វើយ៉ាងណាឱ្យពិធីបុណ្យនេះប្រព្រឹត្តទៅដោយជោគជ័យ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក ត្រូវចុះពិនិត្យ និងតាមដាននូវរាល់ទីតាំងល្បែងផ្សងសំណាង និងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលបានបង្ក្រាបហើយដោយមិនត្រូវឱ្យមានទីតាំងណាមួយកើតមាននូវល្បែងផ្សងសំណាងឡើងវិញឡើយ។ ចំពោះអ្នកមានអាជ្ញាប័ណ្ណល្បែងផ្សងសំណាង ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុកស្ដីពីលក្ខខណ្ឌនៃការផ្ដល់អាជ្ញាប័ណ្ណល្បែងផ្សងសំណាង ក្នុងករណីលួចលាក់បង្កប់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានទាន់ពេលវេលា។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។ ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លា ភាព និងទទួលបានជំនឿទុកចិត្ត។ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទ ល្មើសគ្រប់ប្រភេទ។ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លង រាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

អត្ថបទទាក់ទង