ខេត្តកណ្តាល៖រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានដង្ហែរបុណ្យវិសាខបូជាចេញដំណើរពីវត្តព្រែកឫស្សីជុំវិញក្រុងតាខ្មៅ ខេត្តកណ្តាល។បុណ្យវិសាខបូជាគឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលព្រះពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។ ដោយឡែក នៅខេត្តកណ្តាល ក៏មានការរៀបចំកម្មវិធីបុណ្យវិសាខបូជា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដូចជា៖ការសូត្របទសរភញ្ញថ្វាយព្រះរតនត្រ័យ នមស្ការព្រះរតនត្រ័យ សមាទានសីល ប្រកាសវិសាខបូជាវេរភត្តប្រគេនព្រះសង្ឃ ព្រះសង្ឃភត្តានុមោទនា លោកអាចារ្យឧទ្ទិស ថ្វាយព្រះរាជកុសល សូត្របទរម្លឹកគុណព្រះពុទ្ធបរមគ្រូ។ សូមឱ្យគុណបុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេសសូមឱ្យគុណបុណ្យ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ នៃព្រះបរមសារីរិកធាតុតាមឃុំគ្រងជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងប្រទេសកម្ពុជាទាំងមូលជួបតែសេចក្តីសុខសប្បាយ និងរីកចម្រើនជារៀងរហូត៕