ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង មន្ត្រីរាជការ និងអាជ្ញាធរស្រុកពញាឮ ដឹកនាំដោយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ទឹម សាវុធ សមាជិកក្រុមប្រឹក្សាស្រុកពញាឮ អនុប្រធាន គ.ក.ស.ក ស្រុក និងជាបេក្ខជន ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ លំដាប់លេខរៀងទី៨ បានទទួលមរណភាពនៅថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ៩៖០០នាទីយប់ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំ ពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកចំពោះ មរណភាពរបស់ លោក ទឹម សាវុធ នេះ គឺជាការបាត់បង់នូវស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ នឹងប្រកបទៅដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវធនធានមនុស្សដ៏ល្អ មួយរូប ពោរពេញដោយសមត្ថភាព និងបទពិសោធន៍ ដោយបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី បម្រើជាតិ និងប្រជាពលរដ្ឋ ជាពិសេស បានចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន។ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមឧទ្ទិសនូវមហាកុសលដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ លោក ទឹម សាវុធ សូមឱ្យបានយោនយោគ និងចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។