រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការរៀបចំវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន និងក្មេងទំនើងក្នុងភូមិសាស្ត្រខេត្តកណ្តាល

+++++++++ខេត្តកណ្តាល៖ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន និងក្មេងទំនើងក្នុងភូមិសាស្ត្រខេត្តកណ្តាលដែលធ្វើឡើងនៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានណែនាំឲ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ច គ្រប់មូលដ្ឋាន ត្រូវរៀបចំផែនការបង្ក្រាប និងទិសដៅផ្សព្វផ្សាយអប់រំ ទប់ស្កាត់ និងបង្រាបបទល្មើសគ្រឿងញៀន និងក្មេងទំនើង នៅតាមមូលដ្ឋានរៀងៗខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។ឯកឧត្ដមអភិបាលរងខេត្ក បានលើកទឹកចិត្ត ដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ច ត្រូវលើកឡើងពីបញ្ហាប្រឈម ក្នុងការងារបង្ក្រាបបទល្មើសគ្រឿងញៀន និងក្មេងទំនើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីរួមគ្នាដោះស្រាយក្នុងកិច្ចប្រជុំនេះសំដៅធ្វើយ៉ាងណាជំរុញឲ្យការអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលរងខេត្ក បានធ្វើការណែនាំ ដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមសាលារៀនឲ្យយល់ដឹងអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងបញ្ហាក្មេងទំនើង។ ជាពិសេសត្រូវរៀបចំផែនការ និងកំណត់មុខសញ្ញារបស់ក្មេងទំនើង និងបទល្មើគ្រឿងញៀន នៅតាមទីតាំងនានាដូចជា ផ្ទះសំណាក់ កន្លែងកំសាន្ត ខារ៉ាអូខេ និងកន្លែងលក់ដូរជិតសាលារៀនជាដើម ដើម្បីត្រៀមក្នុងការអនុវត្តវិធានការ។ ឯកឧត្តមបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក យកចិត្តទុកដាក់ និងទទួលខុសត្រូវលើបញ្ហានេះ ហើយរាល់ការចុះបង្ក្រាបត្រូវធ្វើដោយគ្មានការលើកលែង ត្រូវរាយការណ៍មកថ្នាក់លើ មានកិច្ចសហការគ្នាឲ្យបានល្អជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក្នុងករណីចាំបាច់ត្រូវស្នើសម្របសម្រួលពីព្រះរាជអាជ្ញា។ ចំពោះក្មេងទំនើងពេលចាប់បានត្រូវ ពិនិត្យរកសារធាតុញៀន បើក្នុងករណីមានសារធាតុញៀន ត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន សិន ទើបបញ្ជូនមកសហគមន៍វិញ ។

អត្ថបទទាក់ទង