ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួមពី លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការរៀចំសិក្ខាសាលានេះឡើង គឺដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹងកាន់តែទូលំទូលាយនូវខ្លឹមសារនៃច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ហើយនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្តថា ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារៈសំខាន់ និងជាកិច្ចអាទិភាពមួយសម្រាប់ប្រទេសជាតិ ការគ្រប់គ្រងបាននូវប្រព័ន្ធអត្តសញ្ញាណកម្មជាតិ គឺជាបុរេលក្ខ័ន្តដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គលគ្រប់រូប ឱ្យទទួលបាននូវសិទ្ទិពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែរបុគ្គលនោះត្រូវទទួលបាន។ ជាងនេះទៅ ទៀត ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យមានដំណើរការល្អ គឺជាការចូលរួមចំនែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានភាពប្រសើឡើង ផងដែរ។ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត បានកោតសរសើរចំពោះ សិក្ខាកម្មទាំងអស់ ដែលបានខិតខំត្រង់ត្រាប់ស្ដាប់នូវរាល់ការពន្យល់របស់គ្រូឧទ្ទេសគ្រប់មេរៀនតាមផ្នែកនីមួយៗ យ៉ាងយកចិត្តទុកដាក់តាំងពីដើមរហូតដល់បញ្ចប់អង្គសិក្ខាសាលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។ ជាពិសេសគ្រូបង្គោល ដែលបានឡើងធ្វើបទបង្ហាញនានា និងបានចូលរួមជាមតិយោបល់ ដោយមានការពិភាក្សា ក៏ដូចជាការឆ្លើយនៅសំណួរ និងការផ្ដល់យោបល់ដល់សិក្ខាកាម ដើម្បីប្រមូលធាតុចូលសំខាន់ៗទាក់ទងនឹងតម្រូវការ និងបញ្ហាប្រឈមដើម្បីរដ្ឋបាលក្រុង-ស្រុក អាចបន្តផ្សព្វផ្សាយច្បាប់ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធលទ្ធផលខ្ពស់។ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់ សិក្ខាកម្មមកពីតាមបណ្តាលក្រុង-ស្រុកទាំង១៣ ដែលទទួលបាននូវវគ្គបណ្តុះបណ្តាល នាថ្ងៃនេះត្រូវបន្តសព្វផ្សាយឲ្យបានផលផុសក្នុងមូលដ្ឋានខ្លួន ដើម្បីធ្វើជាមូលដ្ឋានយកទៅអនុវត្តឱ្យបានល្អប្រសើរ ក្នុងការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវស្របតាមច្បាប់ មានភាពងាយស្រួលឆាប់រហ័ស មានតម្លាភាព និងមានគណនេយ្យភាព សំដៅចូលរួម លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ជួយលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម រក្សាបាននូវសន្តិភាពសន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម។