ខេត្តកណ្តាល៖ទិវាកុមារអន្តរជាតិ ខួបលើកទី៧៥ ០១មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ"វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើតមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល"បានប្រារព្ធធ្វើនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។ មានប្រសាសន៍ក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៤ ក្រោមប្រធានបទ៖ «វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានថ្លែងថា៖ទិវាកុមារអន្តរជាតិ ១ មិថុនា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលមនុស្សជាតិគ្រប់ពណ៌សម្បុរទាំងអស់នៅលើពិភពលោក រួបរួមគ្នាក្រោកឡើងក្នុងមនសិការ ស្មារតីការពារអាយុជីវិត និងសេចក្តីសុខក្សេមក្សាន្តរបស់កុមារលើភពផែនដីយើងនេះ។ ទិវាកុមារអន្តរជាតិ ១ មិថុនា ជាថ្ងៃមហាសាមគ្គីដ៏រឹងមាំ របស់ប្រជាជាតិ បង្កើនការយកចិត្តទុកដាក់ដល់កុមារគ្រប់ស្រទាប់វណ្ណៈទូទាំងសកលលោក រក្សាការគោរពសិទ្ធិ សេរីភាព សមភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ឯកឧត្តមបន្តថា៖ បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ បញ្ហាគ្រឿងញៀន បញ្ហាការជួញដូរ និងកេងប្រវ័ញ្ច ទាំងពលកម្ម ទាំងផ្លូវភេទ ចំពោះកុមារនឹងស្ត្រី ដោយជំរុញឱ្យ មានការចុះកិច្ចព្រមព្រៀង អនុស្សារណៈយោគយល់ គ្នារវាងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដែលមាន ទំនាក់ទំនងទៅនឹងការជួញដូរមនុស្ស ហើយក្រសួងមហាផ្ទៃជាសេនាធិការដឹកនាំ ក្នុងនោះយើងក៏មាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព។ ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺដើម្បីរំឭកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបពួកហ្វាសស៊ីស អ៉ីក្លែរដែលបានកាប់សម្លាប់ស្ត្រីនឹងកុមារនៅភូមិលីឌីសៃ ប្រទេសឆេកូស្លូវ៉ាគី និងនៅភូមិអូរាទូ ប្រទេសបារាំង ក្នុង អំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងដើម្បីរួមគ្នាទប់ស្កាត់អំពើហិង្សា ថែរក្សាសន្តិភាព ពិភពលោក ព្រមទាំងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។ ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ មិនត្រូវចូលរួមសកម្មភាពអសន្តិសុខសង្គម(ក្រុមក្មេងទំនើង) ដើម្បីឱ្យភូមិ-ឃុំ មានសុវត្ថិភាពទាំងអស់គ្នា និងត្រូវបន្តថែទាំសុខភាព អនាម័យ បរិស្ថាន ទាំងក្នុងនឹងក្រៅសាលារៀនរបស់ក្មួយៗ ឱ្យ បានខ្ជាប់ខ្ជួនជានិច្ច ដូចឃ្លាមួយដែរថា៖ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដែលក្មួយៗត្រូវយកចិត្ត ទុកដាក់អនុវត្តដើម្បីឲ្យការរស់នៅរបស់យើងប្រកបដោយសុខសុវត្ថិភាព និងមានសុភមង្គល។ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ មាតាបិតា អាណាព្យាបាលសិស្ស សូមចូលរួមសហការឱ្យបានល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ រួមចំណែកថែទាំកុមារ ឱ្យក្លាយជាពលរដ្ឋល្អមានសមត្ថភាព យ៉ាងពេញលេញក្នុងការបន្តវេនកសាងមាតុភូមិកម្ពុជាដ៏រុងរឿងរបស់យើង និងសម្រេចឱ្យបាននូវគោលដៅនៃការអប់រំប្រកបដោយបរិយាប័ន្ន ដើម្បីការអប់រំរក្សាបាននូវគុណភាពសម្រាប់កុមារកម្ពុជាយើង៕