++++++++++++++ខេត្តកណ្តាល៖រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្ត ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានមតិស្វាគមន៍ ដល់អង្គពិធីទាំងមូល ព្រមទាំងបានថ្លែងអំណរអគុណ ដល់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ដែលចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តកណ្តាល ដែលជាការជំរុញកែលម្អមក រដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបន្តថា៖ការធ្វើសវនកម្មផ្ទៃក្នុង គឺមានគោលបំណង ដើម្បីធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់អង្គភាពនីមួយៗ ដំណើរការប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។ ការចុះធ្វើសវនកម្ម ផ្ទៃក្នុង គឺជាការងារមួយដែលមានលក្ខណៈជាប្រព័ន្ធដែលសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹង ការចូលរួមចំណែក ជួយពង្រឹងនូវការងារស្នូលរបស់សវនដ្ឋាននីមួយៗ ក៏ដូចជាអង្គភាព ពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើការងារគ្រប់គ្រងបុគ្គលិក ការងារហិរញ្ញវត្ថុសាធារណៈ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។សម្រាប់ខេត្តកណ្តាល ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ថ្នាក់ដឹកនាំតាមទីចាត់ការ និងអង្គភាពនីមួយៗ បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លួន ក្នុងកិច្ចការប្រតិបត្តិការពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិកបានយ៉ាងល្អប្រសើរ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ដែលបានកំណត់ពិសេសឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញ ។ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់មន្រ្តីជំនាញ គ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការជាមួយគណៈប្រតិភូសវនកម្ម ដើម្បីឱ្យដំណើរការសវនកម្ម មានភាពរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានថ្លែងអំណរអរគុណ និងមានសេចក្តីសោមនស្សរីករាយ ចំពោះគណអធិបតី និងអង្គពិធីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធនាពេលនេះ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការជំរុញ និងបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ចតាមរយៈការកែទម្រង់ស៊ីជម្រៅលើផ្នែករដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងនគរបាលជាតិ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតការត្រួតពិនិត្យលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រងជនជាប់ឃុំ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានលើកឡើងអំពីតួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង មានគោលបំណងក្នុងការត្រួតពិនិត្យលើប្រតិបតិ្តការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីជួយជំរុញលើការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ ជាពិសេស អនុសាសន៍កែលម្អទាំងអស់ដែលផ្តល់ដោយសវនករ បានក្លាយជាមូលដ្ឋានក្នុងការវិភាគ វាយតម្លៃហានិភ័យ និងកែលម្អចំណុះខ្វះខាតនានារបស់សវនដ្ឋានឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕