+++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្ន័យមន្ត្រីក្នុងវិស័យអប់រំ នៃរដ្ឋបាលខេត្តកណ្តាល” ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថលនៃក្រសួងមុខងារសាធារណៈ។ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលនីតិកាលទី០៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យ ដោយកំណត់យកការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ជាស្នូលនៃយុទ្ធសាស្ត្រ។យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១មានបេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរគឺ៖ ទី១.រក្សា និងថែបំប៉ន សុខសន្តិភាព ដែលទទួលបានមកយ៉ាងលំបាក និងជាមរតកដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី និងទី២. កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះដែររាជរដ្ឋាភិបាលអាណិត្តិថ្មីក៏នៅតែបន្ត គោលនយោបាយឭកំណែទម្រង់៣បូក១របស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ជាពិសេសកំណែទម្រង់រដ្ឋបាល សាធារណៈ ដែលមានក្រសួងមុខងារសាធារណៈជាប្រធាន គឺកំពុងអនុវត្តយ៉ាងមុតស្រួច និងស្រួចស្រាវ ក្រោមការដឹកនាំផ្ទាល់ពីសំណាក សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាអ្នកដឹកនាំអនុវត្តផ្ទាល់ប្រកបដោយ ការតាំងចិត្ត ការប្តេជ្ញា និងការទទួលខុសត្រូវខ្ពស់។ឯកឧត្តមអភិបាលរងខេត្ត៖ បានវាយតម្លៃខ្ពស់ដល់មន្ទីរមុខងារសាធារណៈខេត្តកណ្តាល ក្នុងការខិតខំសហការជាមួយប្រតិភូក្រសួងមុខងារសាធារណៈរៀបចំវគ្គផ្សព្វផ្សាយ និងបានសម្របសម្រួលជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការរៀបចំបច្ចេកទេស ដែលនឹងធ្វើឱ្យវគ្គផ្សព្វផ្សាយថ្ងៃនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ឯកឧត្តមក៍បានផ្តាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូជានាយករង នាយិការរង ប្រធានមជ្ឈមណ្ឌលសិក្សា សហគមន៍ និងមន្ត្រីទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធទាំងអស់ ដែលជាអ្នកអនុវត្តផ្ទាល់សូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ស្ដាប់បទបង្ហាញរបស់វាគ្មិន ដែលមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ ដែលអញ្ជើញមកពីក្រសួងមុខងារសាធារណៈ។ឯកឧត្តម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល បានបញ្ជាក់ថា៖ នៅក្នុងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា (២០២៣-២០២៨) រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ឯកសារយុទ្ធសាស្ត្រស្តីពី«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពស្នូលនៃយុទ្ធសាស្ត្រ ផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយសេដ្ឋកិច្ច និងរដ្ឋបាលក្នុងការដឹកនាំការគ្រប់គ្រង និង ដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន ក្នុងការពង្រាយមន្ត្រី ការប្រើប្រាស់មន្ត្រី ការជ្រើសរើសមន្ត្រីឱ្យមានប្រសិទ្ធភាព ក៏ដូចជាការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកប ដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ គឺជាប្រព័ន្ធព័ត៌មានវិទ្យា ជួយគាំទ្រ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ នៅតាមគ្រឹះស្ថានអប់រំ មូលដ្ឋានរួមមាន គ្រឹះស្ថានបឋមសិក្សាសាធារណៈ គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មជ្ឈមណ្ឌល សិក្សាសហគមន៍ និងក្នុងវិស័យសុខាភិបាលរួមមាន ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២។សូមជម្រាបថា វគ្គបណ្តុះបណ្តាលបានរៀបចំបទបង្ហាញស្តីពី “កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្ន័យមន្ត្រីក្នុងវិស័យអប់រំ ” ដែលលម្អិតទៅលើមុខងារប្រព័ន្ធ, លំហូរប្រព័ន្ធ, ការបង្កើតគណនីCamDigiKey នៅលើកម្មវិធីទូរស័ព្ទដៃ, របៀបចូលប្រើប្រាស់ប្រព័ន្ធ, និងការអនុវត្តន៍នៃរចនាសម្ព័ន្ធវិស័យអប់រំ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ(អប់រំ) និងសំនួរ-ចម្លើយពាក់ព័ន្ធនឹងប្រធានបទផងដែរ។