រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ចំនួន ១៩រូប ត្រូវបានប្រកាសឱ្យចូលកាន់តំណែង ក្នុងអាណត្តិទី៤​

+++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធី ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ចំនួន ១៩រូប ក្នុងអាណត្តិទី៤ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ នាពេលនេះ គឺអនុលោមទៅតាមមាត្រា ៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងនូវការអបអរសាទរ ដល់លោក លោកស្រីជាសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ ដើម្បីបន្តដឹកនាំការងារ សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តមអភិបាលរងខេត្ត​ បានស្នេី​ឱ្យ​សមសមាជិកក្រុមប្រឹក្សក្នុងអាណត្តិទី៤នេះ​ ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។​ ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់ រដ្ឋបាលក្រុងអរិយក្សត្រ ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល ដោយត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”​ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ និង​លើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោក​ផងដែរ​។នាឱកាសនោះដែរ ឯកឧត្តមបានគួសបញ្ចាក់ថា បើទោះបីជាសមាជិក សមាជិកាក្រុមប្រឹក្សា ដែលជាប់ឆ្នោត មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្ដែតាមគោលការច្បាប់រៀបចំអង្គការបានកំណត់ថា ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល ដូច្នេះនៅក្នុងអាណត្តិទី៤នេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។

អត្ថបទទាក់ទង