+++++++++ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” នៅវិទ្យាស្ថាន ជាតិពហុបច្ចេកទេសតជោសែន ខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានណែនាំ និងជម្រុញឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឲ្យបានដល់គ្រប់គោលដៅ និងតាមខ្នងផ្ទះយុវជនដែលស្ថិតក្នុងគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីឱ្យយុវជនរបស់យើងបានយល់ដឹងអំពីសារៈសំខាន់ អត្ថប្រយោជន៍ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បញ្ជាក់ទៀតថា ការបណ្តុះបណ្តាល និងអភិវឌ្ឍមូលធនមនុស្សគឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យឧស្សាហ កម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងក្នុងពេលបច្ចុប្បន្ននិងទាំងសម្រាប់ពេលអនាគត សំដៅជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងចូលរួម ចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក ច្រឹង ណារី នាយកវិទ្យាស្ថាន TVET បានឱ្យដឹងថាបច្ចុប្បន្នខេត្តកណ្តាល មានសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅក្នុងប្រព័ន្ធតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចុះឈ្មោះចូលរៀនតាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងតាមរយៈ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្តាល មានចំនួន ៩៨៥នាក់ ក្នុងនោះ សិស្សក្រីក្រ មានចំនួន ២២៥នាក់។ ជាមួយគ្នានេះ វិទ្យាស្ថាន ក៏បានបណ្តុះបណ្តាលដល់សិស្សទូទៅចំនួន ១,៧៩០ នាក់ ផងដែរ។ លោក បន្តទៀតថា ទាក់ទងនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ក៏បានចូលរួមសហការគាំទ្រ និងអនុវត្តកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរ ជា ពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារ ងាយរងហានិភ័យ បន្ទាប់ពីត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិ បានរៀបចំក្រុមការងារចុះផ្សព្វផ្សាយតាមក្រុង/ស្រុក ឃុំ/សង្កាត់ តាមខ្នងផ្ទះ និងតាមប្រព័ន្ធផ្សព្វផ្សាយនានា រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងបុគ្គល មកពីក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានចុះឈ្មោះ និងបានចូលរៀន មាន ៦ជំនាញ៖ការតម្លើងអគ្គិសនីក្នុងអគារ ,សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ,ការថែទាំ និងជួសជុលរថយន្ត ,ការកែច្នៃបន្លែ ផ្លែឈើ ,និងជំនាញការផ្សារអគ្គីសនី ផងដែរ។