ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចូលរួមក្នុងខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម អ៉ិច១៦(X១៦) ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។“ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិនៃយើង”។«សន្តិភាព និងសមិទ្ធផលគ្រប់បែបយ៉ាងដែលកើតមានលើទឹកដីកម្ពុជាសព្វថ្ងៃ គឺជាស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី ដោយគ្មានអ្នកណាអាចកាឡៃបានឡើយ»។ សមិទ្ធផលទាំងនេះ ត្រូវបានធានាការពារយ៉ាងគត់មុតដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលកំពុងដឹកនាំប្រទេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដែលនឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជាសម័យទំនើប៕