រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធវិហារឥស្លាមម៉ាស្ចិទអាល់អឺកពើរជ្រៃអណ្ដែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ

ខេត្តកណ្ដាល៖ នារសៀល ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ចិទអាល់អឺកពើរជ្រៃអណ្ដែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។“ពិតមែនតែនៅក្នុងប្រទេសកម្ពុជា បានកំណត់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបានមើលរំលង ចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា រួមទាំងសាសនា ដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនា នៅក្នុងសង្គមជាតិទាំងមូល”។ សុខដុមនីយកម្មសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈ ការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍ រីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិត វិជ្ជមាន, មនសិការពលរដ្ឋល្អ និងការចែករំលែកជួយគ្នាទៅវិញទៅមក។ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា “យើងទាំងអស់គ្នា អាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិ រួមមួយសម្រាប់កម្ពុជា។ នោះគឺសេចក្តីស្រឡាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាសាបេះដូងចំពោះសង្គមជាតិ”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានញ៉ាំងឱ្យបេះដូងប្រជាពលរដ្ឋទាំងអស់ គ្រប់សាសនា គ្រប់គណបក្សនិន្នាការនយោបាយ តម្កល់ផលប្រយោជន៍ជាតិជាធំ មានសេចក្តីស្រឡាញ់ចំពោះជាតិមាតុភូមិ ដោយត្រូវតែរក្សាឱ្យបាននូវសន្តិភាពដែលកម្ពុជារកបាន ដោយលំបាក ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយ៕

អត្ថបទទាក់ទង