++++++++++++++++++++++ខេត្តកណ្តាល៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង ១ខ្នង នៅឃុំសំរោងធំ និងប៉ើងដំបូលមួយផ្នែកយ៉ាងធ្ងន់ធ្ងរ ៥ខ្នង នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ សរុបរួម ៦ខ្នង ស្មើនឹង ៦គ្រួសារ សមាជិក ៣១នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំក្រុមប្រតិបត្តិសាខា ,អនុសាខាស្រុក និងក្រុមកាកបាទក្រហមឃុំសំរោងធំ ឃុំបន្ទាយដែក បានចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅឧបត្ថម្ភជូនដល់ជនរងគ្រោះតាមអាសយដ្ឋានខាងលើដោយផ្ទាល់ផងដែរ។មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ទៀង សុគន្ធ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរក្រៃលែង។ លោកនាយកបានបន្តទៀរថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយសម្តេចក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទៅ ដោយចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ គ្មានការប្រកាន់នូវពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។នៅក្នុងឱកាសនោះដែរ លោកនាយកសាខាក៏បានសម្តែងនូវការសោកស្តាយជាមួយគ្រួសាររងគ្រោះទាំងអស់ ព្រមទាំង បានផ្តល់នូវការលើកទឹកចិត្ត សូមបងប្អូនជនរងគ្រោះទាំងអស់មេត្តាខិតខំប្រកបរបររកស៊ីចិញ្ចឹមគ្រួសារបន្តទៀត និងធ្វើការជួសជុលលំនៅឋានជាថ្មីឡើងវិញ ដើម្បីបានរស់នៅសមរម្យសម្រាប់ថ្ងៃខាងមុខបន្តទៀត។ អំណោយដែលសាខាបានផ្តល់ជូនជនរងគ្រោះរលំផ្ទះទាំងស្រុង១គ្រួសារមាន៖ អង្ករ ៥០ គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ , ទឹកស៊ីអុីវ ១យួរ ,ឃីត ១កញ្ចប់ មាន (មុង,ភួយ,ក្រមា,អាវយឺត,សាប៊ូ) ,កៅស៊ូតង់ ១ផ្ទាំង ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៥០ម៉ឺនរៀល។ ដោយឡែកចំពោះ ៥គ្រួសារទៀត ដែលរងគ្រោះប៉ើងដំបូលផ្ទះធ្ងន់ធ្ងរ បានផ្តល់ជូនក្នុង១គ្រួសារទទួលបាននូវ៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ , ទឹកស៊ីអុីវ ១យួរ ,ឃីត ១កញ្ចប់ មាន (មុង,ភួយ,ក្រមា,អាវយឺត,សាប៊ូ)និងថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕