++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន០២ភូមិ គឺភូមិជ្រោយមេត្រីក្រោម និងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានក្បាលដីចំនួន១០៦៩ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងដែរថា៖នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។ ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែល មានរយៈពេល១៥ (គិតចាប់ពីថ្ងៃទី០៣ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដើម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ ថ្លែងក្នុងឱកាសនោះដែរលោក ដាវ បុត្ររង្សី អភិបាលរងស្រុកបានគូសបញ្ជាក់ថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការ កាត់បន្ថយភាពក្រីក្រព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គមការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតលើការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយ អភិវឌ្ឍន៍ជនបទ សំដៅបង្កើតឱកាសឲ្យ កាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលប្រចាំគ្រួសារ ដូច្នេះការបិទផ្សាយនៅពេលនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឲ្យបងប្អូន ប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគ ក្នុងវិស័យកសិកម្ម ឲ្យកាន់តែកើនឡើងថែមទៀត។