+++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីរុក្ខទិវា ៩កក្កដា លើកទី២៩ ឆ្នាំ២០២៤ ដោយបានដាំកូនឈើហូបផ្លែចំនួន ១៥០ដើមក្នុងបរិវេនសាលាស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានបញ្ចាក់ថា ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋទូទៅ ក្នុងការស្តារគម្របព្រៃឈើឡើងវិញ ឱ្យមានពណ៌បៃតង សំដៅរក្សាបាននូវការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់រួមដ៏ធំមួយរបស់ពិភពលោក ដោយសារតែបណ្ដាប្រទេសជឿនលឿនជាច្រើន បានបញ្ចេញឧស្ម័នពុល ឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងរងគ្រោះយ៉ាងខ្លាំង និងបានធ្វើឱ្យកំដៅ នៅលើផែនដីកើនឡើង។ ឯកឧត្តម គ្រុយ ម៉ាឡែន បានបញ្ចាក់ពីប្រវត្ត នៃពិធីរុក្ខទិវានេះ គឺត្រូវបានរៀបចំឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុត របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ចំពោះការដាំដុះព្រៃឈើ ដ៏មានផលប្រយោជន៍ សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ក្រោមព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន បំផុសចលនាដាំដើមឈើ ហៅថា “ រុក្ខទិវា” នេះឡើងតាំងពីទសវត្សរ៍ទី៣០ ដោយមានការចូលរួមយ៉ាងរស់រវើកពីប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ហើយទីបំផុតពិធីនេះ ត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយ ដែល កំណត់ដោយព្រះរាជក្រឹត្យលេខ ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ទសភានៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តព្រះរាជគំរូ ខិតខំថែរក្សានូវព្រះរាជពិធីបុណ្យជាតិ បុណ្យសាសនា ជាក់ស្តែង ដូចជា ពិធី “រុក្ខទិវា” នេះ ដែលជាទិវាជាតិមួយក្នុងចំណោមទិវាជាតិជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រារព្ធពិធីជារៀងរាល់ឆ្នាំ ដោយប្រព្រឹត្តិទៅយ៉ាងមហាឡារិក និងអធិអធមជាទីបំផុត។ក្នុងពិធីនេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន បានអំពាវនាវដល់ ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ទូទាំងខេត្ត សូមជួយចូលរួមដាំដើមឈើ គ្រប់ប្រភេទ ទៅតាមលក្ខណៈសណ្ឋានដី និងតម្រូវការស្ថានភាពជាក់ស្តែង ឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន នៅតាមទីវត្តអារាម ទីសាធារណៈ និងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ តាមដងប្រឡាយ ភូមិឋាននានា និងតាមភ្លឺស្រែចម្ការជាដើម ដើម្បីបានជាម្លប់ជាជម្រកមនុស្ស សត្វ ហើយបានជាឈើហូបផ្លែ សំណង់ អុស ធ្យូង បង្កើនជីជាតិដីកសិកម្ម ជួយទប់កម្លាំងខ្យល់កន្ត្រាក់ ស្រូបឧស្ម័នកាបូនិច និងបម្រែបម្រួលធាតុអាកាស។