+++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្តកណ្តាល ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៤ ដោយបានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុង-ស្រុក១៣ និងក្រុមការងារគណនេយ្យភាពសង្គមតាមបណ្ដាឃុំ -សង្កាត់ផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ ដោយផ្អែកតាមគោលការណ៍ និងនីតិវិធី នៃការអនុវត្តការងារI-SAF គឺយើងត្រូវមានរបបកិច្ចប្រជុំជា ចាំបាច់ធំៗចំនួន៣ រួមមាន កិច្ចប្រជុំប្រចាំត្រីមាស កិច្ចប្រជុំប្រចាំឆមាស និងកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ និងអនុលោមទៅតាមលិខិតលេខ០២៣ស.ស.រ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ដើម្បីចែករំលែកនូវមេរៀន បទពិសោធន៍ ល្អៗ និងបញ្ហាប្រឈម តម្រូវការ ព្រមទាំងរកដំណោះស្រាយនានា ជាមួយគ្នា ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យការអនុវត្តគម្រោងគណនេយ្យភាពសង្គមនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលរបស់យើង ឱ្យកាន់តែមានប្រសិទ្ធ ភាព និងទទួលបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀត។ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់បន្ថែមទៀតថា៖ បើគិតមកដល់បច្ចុប្បន្ននេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺមានអង្គភាពផ្តល់សេវាសាធារណៈដែលអនុវត្ត ការងារគណនេយ្យសង្គមនេះ គឺមានរហូតទៅដល់ចំនួន៦០៣អង្គភាពហើយ ដែលកំពុងអនុវត្តនៅក្នុងមូល ដ្ឋាន រួមមាន៖ រដ្ឋបាលឃុំ សង្កាត់ទាំង១២៧ មណ្ឌលសុខភាពមានចំនួន ១០៩មណ្ឌល និងសាលាបឋម សិក្សាមានចំនួន ៣០៦សាលា។ ចំពោះការផ្តល់សេវាលើការងារនេះនៅកម្រិតថ្នាក់ក្រុង ស្រុក ទើបតែបាននឹង កំពុងអនុវត្តមាន២ក្រុង ស្រុក គឺនៅរដ្ឋបាលក្រុងតាខ្មៅ និងនៅរដ្ឋបាលស្រុកស្អាង ដោយឡែកក្រុង ស្រុក ចំនួន១១ ទៀត កំពុងរងចាំការគាំទ្រពីថ្នាក់ជាតិបន្ថែម និងកំពុងពិភាក្សាជាមួយអង្គការដៃគូ ក៏ដូចជាអង្គភាព ស្ថាបនដែលជាអនុវត្តផ្ទាល់។ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាលបានបន្តទៀតថា៖ ពាក្យឬនិម័យន័យស្តីពី គណនេយ្យភាពសង្គម” គឺ សំដៅដល់ដំណើរការនៃការផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្តល់ឱ កាសដល់ប្រជាពលរដ្ឋ ឱ្យបានសម្តែងនូវមតិយោបល់ និងការចូលរួមតាមដានការបំពេញការងាររបស់មន្ត្រី និងអង្គភាពផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអាចនិយាយបានម្យ៉ាងទៀតថា ការអនុវត្តគណនេយ្យ ភាពសង្គម គឺបានផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង លើការប្រើប្រាស់ ថវិកា និងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព តាមរយៈការលើកកម្ពស់ភាពងាយទទួលបានព័ត៌មាននានា និងការចូលរួមតាមដាន ត្រួតពិនិ ត្យ ការបំពេញតួនាទី ភារកិច្ច ការងារ របស់អង្គភាពផ្តល់សេវា នៅថ្នាក់ឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងន័យនេះគឺរាជរដ្ឋបាលភិបាលកម្ពុជា បានចាត់ទុកការធ្វើកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏សំខាន់ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសង្គមនៅក្នុងប្រទេស ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាន ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។