រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងការបំផ្លាញដោយរុយស និង​ដង្កូវមូរស្លឹក​ របស់ប្រជាកសិករ នៅស្រុកលើកដែក

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ សូមប្រើប្រាស់ថ្មាំ​កំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ជៀសវាងការប្រើប្រាស់ថ្នាំគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ផ្ទាល់។ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរស្រុកលើកដែក ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងការបំផ្លាញដោយរុយស និង​ដង្កូវមូរស្លឹក​ របស់ប្រជាកសិករ នៅស្រុកលើកដែក នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ឯកឧត្តមបន្តថា៖ បន្ទាប់ពីទទួលបានព័ត៌មានថា ស្រូវរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែក មានការគំរាមកំហែងពីរុយស និងដង្កូវមូរស្លឹក ទើបអាជ្ញាធរខេត្តបានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មកធ្វើការពន្យល់ណែនាំពីរបៀបនៃការកំចាត់ រុយស និងដង្កូវមូរស្លឹក ជៀសវាងប្រជាពលរដ្ឋប្រើប្រាស់ថ្នាំទៅតាមការស្មានរបស់ខ្លួន ដែលមិនត្រូវនឹងបច្ចេកទេស ហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកដែលទទួលបានផលយកទៅប្រើប្រាស់ផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន សូមបន្តតាមដានយកចិត្តទុកដាក់ខ្ពស់ ចំពោះការគំរាមកំហែងដល់ស្រូវរបស់ប្រជាកសិករ ប្រសិនបើនៅតែបន្តគំរាមកំហែងពី រុយស និងដង្កូវមូលស្លឹក កាន់តែធ្ងន់ធ្ងរបន្ថែមទៀត សូមឱ្យអាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាតឡើយ។ឯកឧត្តមបន្ថែមថា៖ ការចុះមកពិនិត្យនៅពេលនេះ គឺដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីវិធីសាស្ត្រនៃការ ការពារ រុយស និងដង្កូវមូរស្លឹក កុំឱ្យមានការបំផ្លាញផលស្រូវរបស់ប្រជាពលរដ្ឋយើង ហើយថ្នាំដែលប្រើប្រាស់ទៅនេះគឺមិនបំផ្លាញសុខភាពយើង និងសុខភាពអ្នកដែលប្រើប្រាស់ភោគផលរបស់យើងទៅថ្ងៃអនាគតឡើយ។ លោក ចាប់ ចន្ទវិទ្យា អភិបាលស្រុកលើកដែកបានឱ្យដឹងថា៖ រុយស និងដង្កូវមូរស្លឹក បានធ្វើឱ្យប៉ះពាល់​ ដំណាំស្រូវប្រមាណ ៣៤២ហិកតា​ តាមបណ្តាភូមិចំនួន​ ៤​ភូមិ​ គឺ​ ភូមិ​ថ្មី​ ភូមិ​ព្រែក​តាទួន​ ភូមិ​ពាមរាំងលេី​ និង​ ភូមិ​ ពាមរាំង​ក្រោម​។ ជាមួយគ្នានេះ ក្រុមការងារ​ជំនាញ​ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល និងអាជ្ញាធរស្រុក បានចុះពិនិត្យ និងបានផ្តល់ថ្នាំ​ កំចាត់សត្វល្អិតផ្សំពីរុក្ខជាតិចំនួន៣៩០លីត្រ។លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងដែរថា៖ ស្រែ​មួយចំនួន​ ស្រូវឡើងពណ៌ក្រហមព្រឿងៗ ខ្លះស្លោកចុង ជាពិសេសស្រែ​ ដែល​សាបព្រួស​ពូជច្រើន​ពេក (៣៥០-៤០០kg/ha) និងប្រើប្រាស់ថ្នាំកសិកម្មបាញ់ការពារជាប្រចាំ។ ចំពោះមាន​វត្តមាន​ រុយស និងដង្កូវមូរស្លឹក តាម​បបណ្តាស្រែមួយចំនួនមន្ត្រី​ ជំនាញ​ សូម​ផ្តល់ការណែនាំបច្ចេកទេស​ រួមមាន​៖ ប្រើពូជស្រូវត្រឹមតែ ១២០ -១៥០kg/ha, ចុះពិនិតស្រែជាប្រចាំ, បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម, កុំប្រើជី UREA ច្រើនពេក, សូមប្រើប្រាស់ថ្មាំ​កំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ។លោកប្រធានមន្ទីរបន្ថែមថា៖ ស្រែដែលរងការបំផ្លាញ​ មានកំរិត​ស្រាល​ មមិនទាន់មានរងការខូចខាតធ្ងន់ធ្ងរនៅ​ឡើយទេ មន្ត្រីជំនាញ​ និងអាជ្ញាធរដែនដីគ្រប់លំដាប់​ថ្នាក់​ កំពុងតែចាត់វិធានការ​ បង្កា​រ​ និងកំចាត់​ ចៀសវាងការ​ខូចខាត​ ឬ​ រីក​រាលដាល​បន្តទៀត​។

អត្ថបទទាក់ទង