ខេត្តកណ្តាល៖ឯកឧត្តម គួច វែងស៊្រុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំប្រជុំពិនិត្យ ពិភាក្សា ការងារត្រៀមរៀបចំទីតាំងប្រារព្ធពិធីអបអរសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» សម្រាប់រដ្ឋបាលខេត្តកណ្តាល នៅសួនច្បារច្រមុះជ្រូក ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួបពិភាក្សាបែងចែកភារកិច្ចដើម្បីរៀបចំពិធីបើកការដ្ឋាន ក្នុងការធានាដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងកិច្ចការងាររៀបចំពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលជាព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត ប្រកបដោយមោទកភាព។ ឯកឧត្តមបន្តថា៖ព្រឹត្តិការណ៍បើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងប្រារព្ធឡើងក្នុងភូមិសាស្ត្រសម្រាប់រដ្ឋបាលខេត្តកណ្តាល នៅសួនច្បារច្រមុះជ្រូក ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីលើកទីមួយរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក។ ឯកឧត្តមបន្ថែមថា៖ការរៀបចំពិធីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ គឺមានការប្រគំតន្ត្រី ខ្នាតយក្ស របស់ក្រុមហ៊ុន CALAXY មានតារាចម្រៀងល្បី ៗប្រចាំព្រះរាជាណាចក្រកម្ពុជា និង អុជកាំជ្រួច នៅរសៀលថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ខាងមុខនាមាត់ទន្លេក្រុងតាខ្មៅខេត្តកណ្តាល ។ ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា៖ក្រុមការងារបានរៀបចំបែកចែកសមាសភាពយុវជនចូលរួមមកពីក្រុង ស្រុក ទាំង១៣ ចំនួន ២០០០នាក់ និងធ្វើសេចក្តីជូនដំណឹង ដោយសហការជាមួយក្រុមហ៊ុនGalaxy និងផ្សព្វផ្សាយឲ្យបានផុសផុល តាមផេកឯកឧត្តម អភិបាលខេត្ត រដ្ឋបាលខេត្ត មន្ទីរព័ត៌មាន និងសារព័ត៌មានល្បីៗមួយចំនួនដើម្បីឲ្យមានការចូលរួមពីប្រជាពលរដ្ឋបានច្រើនកុះករ។ សូមបញ្ជាក់ថា៖ នាថ្ងៃបើកការរដ្ឋាន ព្រែកជីកហ្វូណនតេជោ សម្តេចឋធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ស្ថានប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទូទាំងប្រទេស គោះជួង និងទូងស្គរ ព្រមៗគ្នានៅវេលាម៉ោង៩ព្រឹក ស្របពេលដែល សម្តេច ចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិ ដ៏ធំបំផុតមួយ៕