រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ បាននាំយកទានព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃកំពុងចាំព្រះវស្សាចំនួន២វត្តក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល៖ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ រួមដំណេីរដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការក្នុងខេត្ត នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ទេយ្យទានមួយចំនួនធំ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចាប់ពីថ្ងៃ ១ រោច ខែ អាសាឍ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ រៀងរាល់ឆ្នាំ។ពិធីប្រគេនទៀនវស្សា និងទេយ្យទាននេះ បានប្រារព្ធធ្វើនៅវត្តស្វាយជ្រំ និងវត្តបារាជវនារាម ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ទៀនព្រះវស្សា និងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ​ ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ ។ ឯកឧត្តមបន្តថា៖ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចាត់ទុកទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ វាគឺជាទីកន្លែងសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទថែមទៀត គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សជាជង្រុក នៃមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ ។ ឯកឧត្តមបានគូសបញ្ជាក់ថា៖យើងទាំងអស់គ្នាតែងតែគោរពប្រពៃណីសាសនាព្រះពុទ្ធ គឺព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយ ត្រីមាស​ ទើបឯកឧត្តម និងពុទ្ធបរិស័ទ បាននាំយកនូវទេយ្យវត្ថុដើម្បីវេរប្រគេនព្រះសង្ឃ សម្រាប់បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ។ ចំពោះការប្រគេនទៀនព្រះវស្សានេះ គឺការប្រារព្ធធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម័យកាលយូរលង់ណាស់មកហើយ។ ពិធីចូលកាន់ព្រះវស្សានេះ​គ្រប់វត្តអារ៉ាមទទួលបានការដង្ហៃរទៀនចូលពីពុទ្ធបរិសទ័ដោយមិនកំណត់នោះឡេីយ​ ពោលគឺអាស្រយ័ចំណូលចិត្តរបស់ពុទ្ធបរិសទ័ដែលមេីលឃេីញកង្វះខាតរបស់វត្ត​ពិសេសតំរូវការចាំបាច់របស់ព្រះសង្ឃ​។

អត្ថបទទាក់ទង