រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចផលិតឧបករណ៍នេសាទខុសច្បាប់ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

+++++++++++++++++++ខេត្តកណ្ដាល៖ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញារងខេត្តកណ្តាល ចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងលួចផលិតឧបករណ៍នេសាទខុសច្បាប់(អំភ្លីឆក់ត្រី)មួយកន្លែងស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា៖ ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកផលិត និង ចែកចាយនូវឧបករណ៍នេសាទខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្រោយពីជនសង្ស័យបានបង្ហោះលើបណ្តាញសង្គម តិកតុកដាក់លក់ នូវឧបករណ៍ខុសច្បាប់ទាំងនេះជាសាធារណៈ ខណៈករណីនេះជនសង្ស័យបានសារភាពថាគេពិតជាបានលួចផលិតមែន និងបានចែកចាយលក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។បើតាមលោក ហេង សុភារិទ្ធ បានឲ្យដឹងផងដែរ ក្រោយធ្វើការឃាត់ខ្លួន និងរឹបអូសនូវវត្ថុតាងជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ ខណៈករណីនេះជាបទល្មើសនេសាទ ដោយមិនអាចអនុគ្រោះបានឡើយ ដោយសារតែជនសង្ស័យរូបនេះបានលួចផលិតនូវឧបករណ៍ខុសច្បាប់នេះយូរមកហើយនោះ។ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវធ្វើការសហការជាមួយអាជ្ញាធរ ឬរដ្ឋបាលជលផលដើម្បីធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេសាទ ខុសច្បាប់នៅតាមភូមិ និងសហគមន៍របស់បងប្អូនផងដែរ ហើយប្រសិនបើប្រពលរដ្ឋណាដែលបាននេ សាទ ឬលួចផលិតឧបករណ៍នេសាទខុសច្បាប់នឹងចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ៕

អត្ថបទទាក់ទង