+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកណ្តាល ដើម្បីនិរន្តរភាពការងារកាន់តែប្រសើរ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណមន្ទីរផែនការខេត្ត ដោយបានការចូលរួមពី ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងមន្ត្រី នៃមន្ទីរផែនការខេត្ត។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរផែនការខេត្ត ដែលបានខិតខំបំពេញតួនាទី ភារកិច្ចការងារបានយ៉ាងល្អប្រសើរ។ ឯកឧត្តមបន្តថា៖ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យសង្គមជាតិទាំងមូល ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់ទីកន្លែង ធ្វើឱ្យស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ យើងជាមន្ត្រីរាជការ ត្រូវទទួលនូវការពិតថា សន្តិភាព ស្ថេរភាព មិនអាចចេះតែធ្វើបាននោះទេ បើគ្មានការដឹកនាំត្រឹមត្រូវ ហេតុនេះត្រូវតែថែរក្សាសុខសន្តិភាពនេះឲ្យបានយូរអង្វែង ព្រោះថាប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់កែសម្រួល គោលនយោបាយជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាបន្តបន្ទាប់ ស្របតាមលទ្ធភាពនៃសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ បន្តអនុវត្តការងារបម្រើសេវាសាធារណៈ ធ្វើជាសេនាធិការឱ្យថ្នាក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុង ទៅតាមតួនាទីភារកិច្ចនិងបង្កើនចំណងសាមគ្គីផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធសម្តៅធ្វើយ៉ាងណាឱ្យការងារ ដំណើរការទៅមានភាពរលូន តម្លាភាព។ លោក មីន ឈុន ប្រធានមន្ទីរផែនការខេត្តកណ្តាល បានឱ្យដឹងថា៖មន្ទីរផែនការខេត្តកណ្តាល បានបំពេញភារកិច្ចតាមប្រកាសលេខ០០១២ផក ចុះ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងផែនការ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់មន្ទីរ ផែនការរាជធានី ខេត្ត និងតាមការណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងនាមជាអ្នក សម្របសម្រួលការងាររបស់ក្រសួងផែនការ និងជាសេនាធិការឱ្យគណៈអភិបាលខេត្ត លើការងារ ប្រព័ន្ធផែនការនិងការងារស្ថិតិនៅថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយ បញ្ចកោណដំណាក់ការទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧។ លោកបានបន្តថា៖គិតមកដល់ខែមិថុនា ឆ្នាំ២០២៤ខេត្តកណ្តាលមានគ្រួសារក្រីក្រសរុបចំនួន ៣៥,១១០គ្រួ សារ។ ក្រកម្រិត១មានចំនួន ១០,៥៧០គ្រួសារ ស្មើនឹង ៣.៥៥ ភាគរយ គ្រួសារក្រីក្រកម្រិត២ មានចំនួន ២៤,៥៦៣គ្រួសារ ស្មើនឹង ៨.២៦ ភាគរយ គ្រួសារងាយរងហានិភ័យ មានចំនួន ៣៣,៩៩៨គ្រួសារ ស្មើនឹង ១១.៤៤ភាគរយ៕