+++++++++ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីក្តោបបញ្ហារួមដែលបានកើតឡើងតាមមូលដ្ឋានក្រុង-ស្រុកទាំង១៣ យកមកដោះស្រាយ និងពង្រឹងកិច្ចការបន្តទៅមុខ សំដៅធ្វើឱ្យបទល្មើសមានការថយចុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា កិច្ចការសំខាន់ដែលគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុកត្រូវយកចិត្តទុកដាក់គឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែមានការកើនឡើង ហើយបញ្ហាល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងក្មេងទំនើង គឺឃើញថាគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បានខិតខំធ្វើការបង្ក្រាបទទួលបានលទ្ធផលល្អ ប៉ុន្តែក៏ត្រូវតែយកចិត្តទុកដាក់បន្តតាមដាន និងចាត់វិធានការបង្ក្រាប ឱ្យកាន់តែបានល្អប្រសើរថែមទៀតផងដែរមិនត្រូវធ្វើប្រហែលជាដាច់ខាត។ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំ ដល់គណៈបញ្ជាការរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំសណ្ដាប់ធ្នាបសាធារណៈតាមដងផ្លូវ ឱ្យបានល្អប្រសើរជាប្រចាំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនៅវិធានការច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់នៅតាមដងផ្លូវ ដោយដាក់កម្លាំងធ្វើការត្រួតពិនិត្យចរាចរណ៍នៅតាមគោលដៅសំខាន់ៗរៀងៗខ្លួន មន្ទីរអង្គភាពអង្គភាពពាក់ព័ន្ធ ត្រូវបន្តការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ស្រទាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាលឱ្យមានការថយចុះ។ ឯកឧត្តមអភិបាលខេត្ត បានធ្វើការរំលឹកទៅដល់គណៈបញ្ជាការក្រុង-ស្រុក ត្រូវទទួលយកនូវរាល់បណ្ដឹងផ្សេងៗ របស់ប្រជាពលរដ្ឋ ទោះករណីក្រៅ ឬលើសដែនសមត្ថកិច្ចខ្លួនក៏ដោយ ក៏ត្រូវជួយសម្របសម្រួលពួកគាត់ ផ្តល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ជាងនេះ ទៅទៀតត្រូវពិនិត្យ និងពង្រឹងតួនាទីរបស់ខ្លួន ត្រូវខិតខំអនុវត្តតាមតួនាទី និងភារវកិច្ចរបស់ខ្លួនដែលក្រសួងមហាផ្ទៃបានកំណត់ឱ្យបានល្អ និងទទួលខុសត្រូវខ្ពស់ ទាំងកងកម្លាំង និងរដ្ឋបាលក្រុង-ស្រុក ត្រូវតែសហការគ្នាស្អិតរមួត ធ្វើយ៉ាងណាខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឱ្យល្អប្រសើរ។ ឯកឧត្តមបានលើកទឹកចិត្តដល់កងកម្លាំងមានសមត្តកិច្ច ត្រូវបន្តបង្ក្រាបបទល្មើសផ្សេងៗដែលនៅសេសសល់កុំទុកចោល ត្រូវតែបន្តយកចិត្តទុកដាក់តាមដាន ស៊ើបអង្កេតរហូតដល់បង្ក្រាបបានជោគជ័យ។មួយវិញទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់គណៈបញ្ជាការរដ្ឋបាលក្រុង-ស្រុក ត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ឱ្យពួកគាត់ជួយចូលរួមផ្តល់ជាពត៌មានពាក់ព័ន្ធនឹងតម្រុយ ទីតាំងសង្ស័យ និងបទល្មើសនានាក្នុងមូលដ្ឋាន មកកាន់សមត្ថកិច្ច ជាប្រយោជន៍សម្រាប់ជួយសម្រួលដល់សមត្ថកិច្ចងាយស្រួលតាមដាន និងចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។