រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​ នៃរដ្ឋបាលស្រុកមុខកំពូល ខេត្ត​កណ្តាល

​+++++++++ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកមុខកំពូល មានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អជ្ញាធរមូលដ្ឋាន​ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចសំខាន់ចំនួនពីរ​ គឺទីមួយ គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក ត្រូវការពារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ ដោយបន្តការខិតខំប្រឹងប្រែង​ សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ​ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនថ្នាក់ដឹកនាំ និងជូនប្រជាពរដ្ឋ​ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍​ និងអ្នកវិនិយោគ​មកកាន់មូលដ្ឋានស្រុក​។ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លេីការបង្រ្កាប​ ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មេីសគ្រឿងញៀន​ ល្បែងស៊ីសង​ ក្មេងទំនេីង​ និងគ្រោះថ្នាក់ចរាចរណ៍ និងទីពីរ​ ត្រូវដឹកនាំមន្រ្តីជំនាញរដ្ឋបាលបម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ ក្នុងនៃនេះមេឃុំ​ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ ស្មៀនឃុំ​ ត្រូវបង្កេីនសកម្មភាពបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋ​ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ​ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើតេសរកសារធាតុញៀន និងជាតិអាកុល លើអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅភូមិសាស្ត្រខេត្តកណ្ដាល ក្នុងករណីរកឃើញមានសារធាតុញៀន ឬអាកុលលើសការកំណត់របស់ច្បាប់ ត្រូវតែអនុវត្តវិធានច្បាប់ដោយគ្មានការលេីកលែងឡើយ។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា៖ ខេត្តកណ្ដាល គឺជាខេត្តដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ២៥ រាជធានីខេត្ត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ដូចនេះ ស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង១៣ទូទាំងខេត្ត ត្រូវរៀបចំឱ្យមានប៉ុស្តិ៍ត្រួតពិនិត្យការអនុវត្តច្បាប់ចរារណ៍ផ្លូវគោក នៅគ្រប់គោលដៅភូមិសាស្ត្ររបស់ខ្លួន។ ហើយមេបញ្ជាការកងកម្លាំង​ ត្រូវអប់រំ​ ណែនាំមន្រ្តីជំនាញ​ ឱ្យអនុវត្តតួនាទី​ ភារកិច្ច​ ប្រកបដោយវិជ្ជាជីវៈ​ ត្រូវតែមានការអត់ធ្មត់​ខ្ពស់ក្នុងការអនុវត្តការងារជាមួយប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល សូមមានការយោគយល់អធ្យាស្រ័យចំពោះការអនុវត្តច្បាប់ចរាចរណ៍នេះ ព្រោះថាគិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរយៈពេល១៨ថ្ងៃនេះ មានប្រជាពលរដ្ឋស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តកណ្ដាលសរុបចំនួន១៥ នាក់ ដែលជាតួលេខមួយគួរឱ្យមានការព្រួយបារម្ភជាទីបំផុត មានន័យថាក្នុងមួយថ្ងៃមានមនុស្សម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលតម្រូវឱ្យអាជ្ញាធរត្រូវតែរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ។

អត្ថបទទាក់ទង