++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាការជំរុញចលនាភូមិ១ ផលិតផល១ ដើម្បីត្រៀម សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងបណ្ដុំអ្នកផលិតនៃភូមិ១ ផលិតផល១ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នាពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីរអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។ ឯកឧត្តមអភិបាលរងខេត្តបានប្រសាសន៍ថា៖ ការចងក្រងបណ្ដុំអ្នកផលិតនៃសមាជិកចលនាភូមិមួយផលិតផលមួយ ឬសហគមន៍ផលិតនៃចលនាភូមិមួយផលិតផលមួយ គឺជាសកម្មភាពង្រឹងសេដ្ឋកិច្ចសង្គមនៅតាមជនបទដើម្បីចូលរួមពង្រីក និងពង្រឹងលើគុណភាពផលិតផល លទ្ធភាពនៃការផ្គត់ផ្គង់ផលិតផលលើទីផ្សារក្នុងស្រុក និងការនាំចេញទៅបរទេស ការចងក្រងបណ្តុំអ្នកផលិតក៏បានផ្តល់ឱកាសសម្រាប់ផលិតករប្រាស្រ័យទាក់ទងគ្នា ជួយគ្នា ការពារផលប្រយោជន៍រួមនៃបណ្តុំអ្នកផលិត ចែករំលែកបទពិសោធន៍ចំណេះធ្វើ ចំណេះដឹងព័ត៌មានពីផលិតផលលើទីផ្សារ និងស្វែងរកដៃគូមានសក្តានុពល ដើម្បីបង្កើនការវិនិយោគលើផលិតផលរបស់បណ្តុំអ្នកផលិតភូមិមួយ ផលិតផលមួយ។ ឯកឧត្តមបន្តថា៖គោលបំណងនៃការចងក្រងបណ្ដុំអ្នកផលិតនៃសមាជិកភូមិមួយ ផលិតផលមួយ ពង្រឹងផលិតផល និងផលិតកម្មបណ្តុំអ្នកផលិតភូមិមួយ ផលិតផលមួយ ឬសហគមន៍ ឬសមាគម ភូមិមួយ ផលិតផលមួយ ពីគុណភាព សោភ័ណ្ឌភាព ការវេចខ្ចប់ ចែករំលែកចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ដល់សមាជិកបណ្តុំយ៉ាងទូលំទូលាយប្រកបដោយប្រសិទ្ធិភាព។ផ្តល់ភាពងាយស្រួលអន្តរាគមត៍ស្តីពីការបណ្តុះបណ្តាលបច្ចេកទេសទាំងកម្រិតជាតិ និងអន្តរជាតិ លើជំនាញ កែច្នៃ វេចខ្ចប់ គុណភាពផលិត អនាម័យផលិត ស្វែងរកទីផ្សារ និងការគ្រប់គ្រងអាជីវកម្ម ផ្តល់ភាពងាយស្រួលអន្តរាគមគ៍ស្វែងរកទីផ្សារ បំពេញតម្រូវការផលិតផលលើទីផ្សារ និងចូលរួមគ្រប់ព្រឹត្តការណ៍ពិពរ័ណកម្រិតជាតិ និងអន្តរជាតិ ។ សូមបញ្ជាក់ថាផលិតផលសម្រាប់ការចងក្រងបណ្តុំអ្នកផលិតនៃសមាជិកភូមិមួយ ផលិតផលមួយ ខេត្តកណ្តាលមាន០៤បណ្ដុំផលិត១-តម្បាញក្រម៉ា ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ២-ស្មូនប្រាក់ស្ពាន់ ភូមិកោះចិន ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល។៣-ឆែវប៉ូវ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ៤-ផលិតកន្ទ្រក ស្មុក ភូមិព្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។