រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកណ្ដាល បានបើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្ត អាណិតទី ៤

++++++++ខេត្តកណ្តាល៖ ថ្លែងនៅ ក្នុងកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ ដែលធ្វើឡើងនៅសាលាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីគណៈអភិបាលខេត្តកណ្តាល ដើម្បីពិនិត្យ និងអនុម័តបង្កើតគណៈកម្មាធិការ សំខាន់ៗនានាចំនួន៤ សំដៅបែងចែកតួនាទី ភារកិច្ច និងររៀបរបបធ្វើការងារ ជួយសម្រួលដល់ការងាររបស់គណៈអភិបាលខេត្តឲ្យប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាពការងារខ្ពស់។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានកញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញ នេះមានសារ:សំខាន់ណាស់ ក្នុងការបង្កើតបាននូវសុខដុមនីយកម្មលើគ្រប់វិស័យការងារ ដើម្បីធានាដល់ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង ឆ្លើយតបតម្រូវការជាក់ស្ដែង និងទទួលបានការពេញចិត្ត ការជឿជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្ត នឹងធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការសម្រប សម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ ។ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ។ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ និងពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកណ្តាលផងដែរ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានបញ្ជាក់ផងដែរថា ដោយមានភាពចាំបាច់ទើប គណៈអភិបាលខេត្ត បានស្នើដល់ក្រុមប្រឹក្សារៀបចំកិច្ចប្រនេះឡើង ការដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័តសេចក្តីព្រាងនេះ ធ្វើឡើងស្របតាមច្បាប់បទដ្ឋានគតិយុត្ត និងដើម្បីឲ្យគណៈអភិបាលមានតួនាទីភារកិច្ចចូលរួមក្នុងការអនុវត្តការងារ ការអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចំរើន ជាពិសេសការបែងចែកតួនាទីភារកិច្ចការងារនេះ នឹងធ្វើឲ្យដំណើរការការងារក្នុងរដ្ឋបាលខេត្តបានកាន់តែរលូន ផ្ដល់នូវផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូលជាក់ជាពុំខាន។

អត្ថបទទាក់ទង