+++++++++++ខេត្តកណ្តាល៖ មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈមានជាប្រព័ន្ធ ចំនួនមួយភូមិគឺភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានក្បាលដីចំនួន៣,៣២៤ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះលោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាលបានឱ្យដឹងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។ លោកបានបន្ថែមថា៖ ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។ ម្យ៉ាងវិញទៀតក្នុងរយៈពេល១៥ថ្ងៃនេះពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនាពេលនេះ។ ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះសូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអោយបានដឹងនឹងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា៕ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែល មានរយៈពេល១៥ (គិតចាប់ពីថ្ងៃទី២២ ខែកក្កដា រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដើម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ ថ្លែនក្នុងឱកាសនេះដែរ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានគូរបញ្ជាក់ថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពសុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និង ស្ថេរភាពសង្គម គោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័ យកសិកម្ម ដោយផ្តោតលើ ការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយ អភិវឌ្ឍជនបទ សំដៅបង្កើតឱកាស ឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលប្រចាំគ្រួសារ ដូច្នេះការបិទផ្សាយនៅពេលនេះគឺពិតជា បានរួមចំណែកជំរុញ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើន ផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឲ្យកាន់តែកើនឡើងថែមទៀត។