អបអរសាទរបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាឃុំព្រៃពួច។លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ថ្ងៃនេះគឺជាលើកទី២១៨ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល សរុបចំនួន ២,៣២៤ប័ណ្ណ ដែលក្នុងនោះ៖ ភូមិពាម ចេញប័ណ្ណបានចំនួន ៥៤៦ក្បាលដី ភូមិព្រៃពួច ចេញប័ណ្ណបានចំនួន ៣៥៦ក្បាលដី ភូមិបឹងរមាស់ ចេញប័ណ្ណបានចំនួន ៨៥៣ក្បាលដី និងភូមិបឹងទ្រា ចេញប័ណ្ណបានចំនួន ៥៦៩ក្បាលដី។មានប្រសាសន៍សំណេះសំណាលក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋ នៅភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់. ជួល. បញ្ចាំ. ធ្វើអំណោយ ។ល។ ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឱ្យម្ចាស់ដី/អ្នក កាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួល យកប្លង់ដី ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនថ្នាក់ដឹកនាំ និងជូនប្រជាពរដ្ឋ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់មូលដ្ឋានស្រុក។ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មេីសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនេីង និងគ្រោះថ្នាក់ចរាចរណ៍ ជាមួយគ្នានេះ ត្រូវបម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ ក្នុងនៃនេះមេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ត្រូវបង្កេីនសកម្មភាពបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។