++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានរៀបចំពិធី អបអរសាទរខួបលើកទី២៥ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ក្រោមប្រធានបទ “ការលើកកម្ពស់ដំណើរការក្រុមប្រឹក្សាយុវជន ដើម្បីពង្រឹងប្រសិទ្ធភាព អប់រំ និងអភិវឌ្ឍសាលារៀន” ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វើនៅសាលា គរុកោសល្យ និងវិក្រឹត្យការ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា៖ ខួបលើកទី២៥ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា នេះមានកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៤ ដែលមានប្រធានបទ «ការលើកកម្ពស់ដំណើរការ ក្រុមប្រឹក្សាយុវជនកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការអប់រំ និងការអភិវឌ្ឍសាលារៀន» ដែលមានក្រុមស្រប មកពីវិទ្យាល័យ ហ៊ុនសែន ស្អាង និងក្រុមបដិសេធ មកពីវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីប្រកួតយកជ័យលាភីផ្តាច់ព្រ័ត្រ។ បន្ទាប់ពីមានការប្រកួតប្រជែងដេញដោល ជ័យលាភីលេខ១ បានទៅលើវិទ្យាល័យ ហ៊ុន សែន ស្អាង។ មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ យុវជនពិតជាកម្លាំងស្នូល នៃអាទិភាពគន្លឹះពង្រឹងការអប់រំ និងការអភិវឌ្ឍសាលារៀន ព្រោះការប្រើប្រាស់សក្តានុពលរបស់យុវជនសម្រាប់ដំណើរការសកម្មភាព អប់រំនៅតាមសាលារៀន គឺជាការអប់រំជំនាញទន់ ជំនាញវិជ្ជាជីវៈ និងការផ្តល់នូវ បទពិសោធន៍ការងារដល់យុវជនផង ហើយសាលារៀនក៏ទទួលបាននូវលទ្ធផលសិក្សាខ្ពស់ និងការអភិវឌ្ឍសាលារៀនបានឆាប់រហ័សផងដែរ។ ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ការអភិវឌ្ឍជាតិមាតុភូមិ និងរក្សាបាននូវនិរន្តរភាពនៃការរីកចម្រើនក្នុងសង្គមជាតិ ពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមពីកម្លាំងមហាជន និងប្រជាជន ពិសេស កម្លាំងយុវជន ដែលជាកម្លាំងចលករមិនអាចខ្វះបាន និងជាកម្លាំងបន្តវេន ហើយជាកម្លាំងមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើ យុវជន តាមរយៈគោលនយោបាយជាតិស្តីពី “ការសិក្សាពេញមួយជីវិត” ដែល មានចក្ខុវិស័យ អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមាន៖ វិជ្ជាសម្បទា, បំណិនសម្បទា ចិរយាសម្បទា, កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្តល់ឱកាស សិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ។ ជាមួយគ្នានេះដែរ ការអប់រំបំណិនជីវិត ក៏ពិតជារួមចំណែកសំខាន់ ជាពិសេសសម្រាប់យុវជនដែលជាវ័យមួយ ដែលត្រូវការការអភិវឌ្ឍខ្លាំងខាងផ្នែកបញ្ញា រាងកាយសង្គម ផ្លូវចិត្ត និងសមត្ថភាព។ ឯកឧត្ដម អភិបាលខេត្ត រំលឹកបន្ថែមថា៖ ប្រធានបទដែលបានលើកឡើងក្នុងទិវានេះ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រងតាមបែបប្រព័ន្ធស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែក ជាក្រុម និងប្រគល់កិច្ចការទទួលខុសត្រូវតាមឋានានុក្រុម ដល់យុវជន រៀនដឹកនាំ ដោយខ្លួនឯងផ្ទាល់ ដោយក្មួយៗយុវជនបានយកប្រធានបទខាងលើ មកជជែក ដេញដោលមតិក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយមាន ក្រុមស្រប និងក្រុមបដិសេធ ដែល ជាវិធីសាស្ត្រអប់រំ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាធនធានដ៏មានតម្លៃនៅ ក្នុងសង្គមជាតិ ដែលមានប្រសិទ្ធភាពក្នុងគោលដៅគ្រឹះរិះពិចារណា វិភាគ និង ស្វែងយល់ឱ្យកាន់តែច្បាស់លើសារៈសំខាន់ យុវជន ដែលចាំបាច់ត្រូវរៀនផង អនុវត្តដោយផ្ទាល់ផងដែរ។