រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ។ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីបរិស្ថានខេត្តកណ្ដាល ដែលបានខិតខំអស់ពីកម្លាំងកាយ បញ្ញាស្មារតី ក្នុងបុព្វហេតុការពារបរិស្ថាន ដែលជាឧត្តមប្រយោជន៍មួយរបស់ខេត្ត និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យខេត្តកណ្ដាលមានបរិស្ថានល្អ ប្រកបដោយភាពបៃតង។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងតាមការដឹកនាំចង្អុលបង្ហាញ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះការបង្កើនភាពបៃតង ដែលធ្វើឱ្យកម្ពុជាស្អាត ការរស់នៅប្រកបដោយភាពសុខដុមរមនា និងដោយចីរភាព ជាពិសេសធានាការពារសម្បត្តិធនធានធម្មជាតិឱ្យគង់វង្សរហូតទៅ។ ក្រសួងបរិស្ថាន នឹងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងផ្តល់ផែនទីផ្កាយរណប សម្រាប់ការផ្ទៀងផ្ទាត់ និងចុះបង្រ្កាបបទល្មើសនានា រួមទាំងការបំពាក់សម្ភារៈប្រើប្រាស់ ដូចជាដ្រូន ដល់មន្រ្តីអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីរបរិស្ថាន ត្រូវបន្តបណ្តុះកូនឈើឱ្យបានច្រើនបន្ថែមទៀត ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំ តាមលំនៅឋាន វត្តអារាម ក្នុងអង្គភាពស្ថាប័នដែលមានដីទំនេរ តាមដងផ្លូវ និងកន្លែងសាធារណៈនានា ដើម្បីថែរក្សារុក្ខាជាតិ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន ការអភិវឌ្ឍ និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទទាក់ទង