++++++++++++++++ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមគាំទ្រទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល នៅគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV (DTA) ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងទៅថ្ងៃអនាគត។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៣៧២ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ០៤ភូមិ គឺភូមិកណ្ដាលកោះ ភូមិចុងកោះ ភូមិក្បាលកោះ និងភូមិកោះតូច ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។ ថ្លែងក្នុងឱកាសនោះឯកឧត្តម ប៊ុន ផេងអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឣោយមានការឣភិវឌ្ឍន៏លើគ្រប់វិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឲ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឲ្យបានចប់សព្វគ្រប់ជាស្ថាពរ។ឯកឧត្តមបន្តថា៖ តាងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ ដែលអាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះយើង ពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ ។ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងនូវការចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ ហើយក៏សូមឲ្យមន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ សូមបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ទាំងនៅក្នុងស្រុកខ្សាច់កណ្តាលរបស់យើងនេះ និងនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូល ឲ្យទទួលបានលទ្ធផលកាន់តែជោគជ័យ មានប្រសិទ្ធភាព និងសម្រេចបានទាន់ពេលវេលា ឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលបានកំណត់ ។បើតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៥៥ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥១២ភូមិ លើ ១០១០ ភូមិ គឺស្មើនឹង ៥១% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៣៨,៦៥៣ក្បាលដី។បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៧៨,២៨១ ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២២ លើកស្មើនឹង ៣០២,២៣៣ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២២៣ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវ ផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិកណ្ដាលកោះ ភូមិចុងកោះ ភូមិកោះតូច និងភូមិក្បាលកោះ សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ចំនួនសរុប ២,៣៧២ប័ណ្ណ។