+++++++++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកដោយលោក ទៀង សុគន្ធ នាយកសាខា បានបើកកិច្ចប្រជុំស្តីពីការងារត្រៀមឆ្លើយតប រដូវទឹកជំនន់ជូនដល់ សមាជិកគណៈកម្មាធិការអនុសាខាទទួលបន្ទុកការងារគ្រោះមហន្តរាយ និងមន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុកទាំង១៣ និងមន្ត្រីជំនាញធ្វើការសិក្សា និងស្រង់ទិន្នន័យក្នុងការចុះស្រង់ប្រភេទជនរងគ្រោះដោយគ្រោះធម្មជាតិក្នុងភូមិសាស្ត្រខេត្តកណ្តាលឱ្យបានច្បាស់លាស់ ដើម្បីត្រៀមរៀបចំផែនការត្រៀមបង្ការ និងឆ្លើយតបទៅនឹងផលប៉ះពាល់នានា ដែលអាចកើតចេញពីជំនន់ទឹកភ្លៀងនៅរដូវវស្សា និងមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលជំនន់ទឹកភ្លៀង។ លោក នាយកសាខា បានបន្តថា៖ដោយមូលហេតុខែនេះជារដូវវស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យកំពស់ទឹកកើនឡើងជាគំហុក បណ្តាលឱ្យមានគ្រោះមហន្តរាយដោយទឹកជំនន់កើតឡើងយ៉ាងរហ័ស និងធ្វើឱ្យរងផលប៉ះពាល់ដំណាំ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ ប្រការដែលគួរយកចិត្តទុកដាក់ជាសំខាន់នោះគឺ អាជ្ញាធរក្រុង-ស្រុក ត្រូវប្រកាសឱ្យដឹងមុនជូនដល់ប្រជាពលរដ្ឋបានយល់ដឹង និងត្រៀមខ្លួនមុនពេលទឹកជំនន់មកដល់ និងអាចជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយទទួលរងគ្រោះបានទាន់ពេលវេលា និងមានសុវត្ថិភាពល្អ។ក្នុងឱកាសនោះលោកក៏ បានក្រើនរំលឹក និងជម្រុញ អំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេសត្រូវត្រៀមគ្រប់លក្ខណះទាំងកម្លាំង គ្រប់មធ្យោបាយ សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗបានភ្លាមៗទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំង បណ្តាញ នៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ ។លោកនាយកសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកគណៈកម្មាធិការអនុសាខាទទួលបន្ទុកការងារគ្រោះមហន្តរាយ និងមន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុកទាំង១៣ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការអោយគណៈកម្មាធិការសាខា អនុសាខាថ្នាក់ខ្លួន ក្នុងការដឹកនាំរហូតសម្រេចបានលទ្ធផល គួរជាទីមោទនៈ៕