++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរឃុំ-សង្កាត់ អភិបាលក្រុង-ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ចនិងមន្ទីរជុំវិញខេត្តផងដែរ។ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈមេធាវី ដែលបានបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ច្បាប់មូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដើម្បីធ្វើឱ្យមន្ត្រីដែលជាអ្នកអនុវត្តច្បាប់ទទួលនូវចំណេះដឹងពាក់ព័ន្ធនឹងផ្លូវច្បាប់ ជៀសវាងការធ្វើខុសច្បាប់ និងការធ្វើសេចក្តីសំរេចចិត្តខុសជាដើម។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានផ្ដល់នូវការយល់ដឹងជាច្រើនទៅលើតួនាទីសំខាន់របស់មេធាវី នៅថ្នាក់មូលដ្ឋាន បទដ្ឋានច្បាប់នានា ពាក់ព័ន្ធលើការផ្តល់សេវាជូនប្រជាពលរដ្ឋ រួមទាំងលិខិតស្នាមរដ្ឋបាលនានា ព្រមទាំងនិតិវិធីដោះស្រាយវិវាទ និងបញ្ហាប្រឈមនានាដែលតែងតែកើតឡើងជាបន្តបន្ទាប់ ឱ្យកាន់តែមានត្រឹមត្រូវ យុត្តិធម៌ និងមានប្រសិទ្ធភាពខ្ពស់។តាមរយៈវគ្គផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងផ្តល់ក្តីសង្ឃឹមថាអង្គសិក្ខានឹងទទួលបានចំណេះដឹង ជំនាញព្រមទាំងបទពិសោធន៍ថ្មីៗបន្ថែមទៀតពាក់ព័ន្ធច្បាប់ ពីក្រុមគ្រូឧទ្ទេសប្រកបដោយសមត្ថភាពខ្ពស់នាពេលនេះ ហើយឯកឧត្តមក៏សំណូមពរដល់អង្គសិក្ខាសាលា ពិសេសអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ សូមមេត្តាយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវរាល់មេរៀននិងបទបង្ហាញនានា និងរាល់ចម្ងល់ និងបញ្ហាប្រឈមផ្សេងៗ សូមលើកឡើងដើម្បីជាគន្លឹះយកទៅអនុវត្ត នៅមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យ។ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃ ការបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ច្បាប់មូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនេះឡើង គឺចង់ផ្សព្វផ្សាយអំពីការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយមិនគិតកម្រៃ ឱ្យបានទូលំទូលាយដល់ស្រទាប់មហាជន អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការបណ្តុះបណ្តាលអំពីច្បាប់មូលដ្ឋាន ដែលចាំបាច់ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន រួមមានច្បាប់ក្នុង វិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។ មូលហេតុនៃការកំណត់គោលបំណងខាងលើនៃគម្រោង ក៏ពុំមែនជាការកំណត់ឱ្យពិរោះស្តាប់នោះទេ ពោលគឺផ្អែកលើលទ្ធផលនៃការសង្កេតលើការ អនុវត្តជាក់ស្តែងប្រចាំថ្ងៃនៅមូលដ្ឋាន ការអនុវត្តរបស់គណៈមេធាវី រួមទាំងសមាជិក ជាមេធាវី ក្របខណ្ឌគោលនយោបាយនិងសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល។ឯកឧត្តម លី ច័ន្ទតុលា បានបញ្ចាក់បន្ថែមថា ពាក់ព័ន្ធនិងការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ របស់គណៈមេធាវីបានជួយដល់កូនក្តីប្រមាណជាង ៧,០០០នាក់ ក្នុងមួយឆ្នាំ តាមរយៈយន្តការរបស់គណៈមេធាវី និងកិច្ចសហការជាមួយក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ឯកឧត្តម លី ច័ន្ទតុលា ឱ្យដឹងដែរថា គិតមកទល់ពេលនេះ គណ:មេធាវី បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយបានចំនួន ១៦ ខេត្តរាជធានី រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ឆ្នាំង ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន សៀមរាបបាត់ដំបង ព្រះវិហារ មណ្ឌលគីរី ស្ទឹងត្រែង រតនគីរី កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤,៤៧៦ នាក់ ដែលសមាភាពចូលរួមនេះរួមមានថ្នាក់ដឹកនាំភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រី នគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងគណៈអភិបាលក្រុង ស្រុក ខណ្ឌនៅតាមមូលដ្ឋាន ទូទាំងព្រះរាជាណាចក្រកម្ពុជា។