រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តគម្រោងនូវគណនេយ្យភាពសង្គម លើការផ្តល់សេវានៅថ្នាក់រដ្ឋបាលក្រុង-ស្រុក នៃខេត្តកណ្តាល

++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងគណនេយ្យភាពសង្គមថ្នាក់ជាតិ និងលោកជំទាវ នួន នារតី ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តគម្រោងនូវគណនេយ្យភាពសង្គម លើការផ្តល់សេវានៅថ្នាក់រដ្ឋបាលក្រុង-ស្រុក នៃខេត្តកណ្តាល ជូនដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង-ស្រុក និងអាជ្ញាធរក្រុង-ស្រុកទាំង១៣ ផងដែរ។ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ចាក់ថា ការពង្រីកលើ ការអនុវត្តការងារគណនេយ្យភាពសង្គម លើការផ្តល់សេវារបស់រដ្ឋបាលក្រុង-ស្រុក គឺពិតជាមានសារៈសំខាន់ ធានាលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាទាំងនោះប្រកបដោយបរិយាប័ន និងសមធម៌សង្គម។ លើសពីនេះទៀត ការអនុវត្តគម្រោងគណនេយ្យភាពសង្គម គឺជាដំណើរការ នៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រជាពលរដ្ឋ ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាក៏ជាមធ្យោបាយមួយដែលបន្សំគ្នា រវាងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភាផងដែរ។ឯកឧត្តមបានបញ្ជាក់បន្តថា គណនេយ្យភាពសង្គម គឺជាកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងដើម្បីផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ឯកឧត្ដមបានស្នើឱ្យលោក-លោកស្រីដែលជាសិក្ខាកាម និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្តួចផ្តើមផ្ដល់នូវធាតុចូលបន្ថែមទៀត ព្រមទាំងខិតខំយកចិត្តទុកដាក់តាមដានលើមេរៀននីមួយៗពីគ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹង និងមានស័ក្កសិទ្ធភាពក្នុងការអនុវត្តលើការងារនេះឱ្យកាន់តែមានភាពរលូន ត្រឹមត្រូវច្បាស់លាស និងទទួលបានលទ្ធផលល្អប្រសើរ។ឯកឧត្តម ម៉ាអុន ម៉ាអូណាត បានមានប្រសាសន៏ថា កាលពីឆ្នាំ២០១៩ មុខងារមួយចំនួន និងរចនាសម្ព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រុង-ស្រុក-ខណ្ឌ ត្រូវបានពិនិត្យ និងកែសម្រួលជាថ្មី ដោយបានធ្វើសមាហរណកម្មការិយាល័យជំនាញមួយចំនួនទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ឱ្យស្របតាមគោលការណ៍រដ្ឋបាលឯកភាព។ ក្នុងន័យនេះរដ្ឋបាលក្រុងស្រុកខណ្ឌ បានក្លាយ ជារដ្ឋបាលជួរមុខ ដែលមានភារកិច្ចដ៏សំខាន់ក្នុងការផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋ ក្នុងការឆ្លើយតប ទៅនឹងតម្រូវការនានារបស់ពួកគាត់ដែលត្រូវការមកទទួលសេវាទាំងនោះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ាអុន ម៉ាអូណាត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ អ្នកពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និងចូលរួមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការងារគណនេយ្យភាពសង្គមដើម្បីលើកកម្ពស់អភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា ធានាដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងសន្តិសុខជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបានកោតសរសើរចំពោះរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលក្រុង ស្រុកទាំង១៣ អង្គការទស្សនៈពិភពលោក និងអង្គការដៃគូ ដែលបាន សហការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រថវិកាក្នុងពង្រីកការអនុវត្តការងារគណនេយ្យភាពសង្គមលើផ្តល់សេវា នៅថ្នាក់ក្រុង-ស្រុកនេះ ហើយក្នុងនោះរដ្ឋបាលខេត្តកណ្តាលគឺជាខេត្តគោលដៅដំបូងគេ ដែលបានពង្រីក ការអនុវត្តការងារគណនេយ្យភាពសង្គមលើសេវារដ្ឋបាលក្រុង-ស្រុក ទូទាំងខេត្ត។

អត្ថបទទាក់ទង