+++++++++++++++++ខេត្តកណ្ដាល៖ ក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអង្គការ WaterAid និងអង្គការដៃគូផ្សេងទៀត នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PWG)ខេត្ត និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន(PWG)ខេត្ត បានឱ្យដឹងថា៖ ការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តកណ្តាល មានការកើនឡើងជាលំដាប់ អាស្រ័យដោយស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ដូច្នេះទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ ជាក់ស្តែង បន្ទាប់ពីខេត្តកណ្តាល ទទួលបានជ័យលាភីជាខេត្តទី៣ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ប្រកបដោយមោទកភាព និងកិត្តិយស ដែលបានប្រាព្ធកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា៖ ដ្បិតថាខេត្តកណ្តាល ទទួលបានជ័យលាភីជាខេត្ត ODF ក៏ពិតមែន ប៉ុន្តែនោះមិនទាន់គ្រប់គ្រាន់ ស្កប់ស្កល់នៅឡើយទេ ជាពិសេសថ្នាក់ដឹកនាំខេត្ត ដែលមាន ឯកឧត្ត គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំផ្ទាល់ និងជំរុញលើកទឹកចិត្តក្រុមការងារ PWG ខេត្ត ធ្វើយ៉ាងណាឱ្យបានលើសពី ODF។ បន្ទាប់ពីកិច្ចខិតខំប្រឹកប្រែងរួមគ្នាអស់រយៈពេល ១ឆ្នាំកន្លងមក រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិទាំង១០១០ភូមិរួមជាមួយការចូលរួម ប្រតិបត្តិអនាម័យល្អបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យខេត្តកណ្តាលបានប្រកាសផ្ទៃក្នុង ជាខេត្តបញ្ចប់ការបន្ទោ បង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ និងបានស្នើសុំក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំចាត់បញ្ជូន ក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)ថ្នាក់ជាតិ មកផ្ទៀងផ្ទាត់ ODF+ នៅខេត្តកណ្តាល។ ឯកឧត្តមអភិបាលរងខេត្តមានជំនឿជឿជាក់ថា“ខេត្តកណ្ដាលនឹងទទួលបានជាខេត្តជ័យលាភីការបញ្ចប់ការ បន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)”បន្ទាប់ពីក្រុមការងារថ្នាក់ជាតិចុះធ្វើការផ្ទៀងផ្ទាត់រួច។ ជាមួយគ្នានេះផងដែល លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយមន្ទីរ/អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការដៃគូ និងអ្នកពាក់ព័ន្ធ បានធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយដល់អង្គភាព/ស្ថាប័ន កន្លែងផ្តល់សេវាសា ធារណៈ និងសហគមន៍ មូលដ្ឋាន អំពីគោលដៅសម្រេចឱ្យបាន ODF+ខេត្តកណ្តាល។ លោកស្រីប្រធានមន្ទីរបន្តថា៖ យោងលើទិន្នន័យរបស់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបង្ហាញឱ្យ ឃើញថា ខ្នងផ្ទះសរុប ឆ្នាំ២០២៣ មានចំនួន ២៧០,៣០០ខ្នងផ្ទះ រីឯខ្នងផ្ទះជាក់ស្តែង មានចំនួន ២៦៨,០៩២ខ្នងផ្ទះ ចំពោះខ្នងផ្ទះបានប្រើប្រាស់បង្គន់កែលម្អសរុប ២៦៨,០៩២ ខ្នងផ្ទះ ស្មើ ១០០% ដែលក្នុងនោះ÷• ខ្នងផ្ទះប្រើបង្គន់កែលម្អផ្ទាល់ខ្លួន មានចំនួន ២៦៤,៥៥៨ ស្មើនឹង៩៨.៧%។• ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣,៥៣៤ ស្មើនឹង១. ៣%។ • ចំនួន ក្រុង/ស្រុក ODF+ មានចំនួន ១៣ក្រុង/ស្រុ ស្មើនឹង១០០%។• ចំនួន ឃុំ/សង្កាត់ ODF+ មានចំនួន ១២៧ឃុំ/សង្កាត់ ស្មើនឹង ១០០%។• ចំនួន ភូមិ ODF+ មានចំនួន ១,០១០ភូមិ ស្មើនឹង១០០%។