++++++++++ ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់ ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់ សិន ក្រុមហ៊ុនទឹកស្អាត ង៉ែន និងក្រុមហ៊ុន លង្វែក វេឡុកម៉ិន វ៉តធើរសឹបផ្លាយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម ត្រូវខិតខំពន្លឿនក្នុងការតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សនៅតំបន់ដែលខ្លួនទទួលបានសិទ្ធក្នុងការផ្គត់ផ្គង់ទឹកស្អាត ដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងត្រូវខិតខំព្យាយាមពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ឱ្យគ្រប់ដណ្ដប់ទូទាំងស្រុកតែម្ដង។ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ៣ក្រុមហ៊ុន ក្នុងស្រុកពញាឮកាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសាប្រជុំសាលាស្រុក ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរស្រុក ភូមិ ឃុំ និងមន្ទីរពាក់ព័ន្ធផងដែរ។ការងារចម្បងចំពោះមុខនៅពេលនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំ ឱ្យក្រុមហ៊ុនទឹកស្អាតត្រូវយកចិត្តទុកដាក់គិតគូរទៅលើការងារតបណ្ដាទឹករងឱ្យបានច្រើន ដើម្បីធ្វើការតភ្ជាប់ទៅបណ្ដាញមេរួចបញ្ជូនទឹកស្អាតចូលដល់ផ្ទះប្រជាពលរដ្ឋតែម្ដង។ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនត្រូវមានការប្ដេជ្ញាតាំងចិត្តខ្ពស់ ក្នុងការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមរបស់ខ្លួនដែលជួបប្រទះ ដើម្បីសម្រួលដល់ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដំណើរការបានកាន់តែរលូន ។ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរ មន្ទីរជំនាញ ត្រូវដឹកនាំ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ក្នុងស្រុក ទៅមើលតាមគោលដៅ ភូមិ-ឃុំ ដែលកំពុងតែជួបការខ្វះខាតទឹកស្អាតប្រើប្រាស់ដោយផ្ទាល់ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសម្រេចចិត្ត ពង្រីកសេវារបស់ខ្លួន នៅទីតាំងទាំងនោះថាបាន ឬមិនបានយ៉ាងណាត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះហើយក្រុមហ៊ុនទាំងអស់ត្រូវធ្វើផែនទីស្តីពីផ្តត់ផ្គងទឹករបស់ខ្លួនឱ្យបានច្បាស់ លាស់ មានវឌ្ឍនៈភាពការងារ ពីព្រោះឯកឧត្តមអភិបាលខេត្ត នឹងជួបប្រជុំជាមួយក្រុមហ៊ុនរៀងរាល់ ១ខែម្ដង ដើម្បីត្រួតពិនិត្យការងារ ជាមួយម្ចាស់ក្រុមហ៊ុន និងអ្នកបច្ចេកទេសដោយផ្ទាល់ សំដៅធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងស្រុកពញាឮទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋឡើងវិញ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ថាទឹកស្អាតគឺជារឿងសំខាន់ណាស់ គឺជាអាទិភាពទី៣ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ ដោយបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ ពីព្រោះស្ថិតក្នុងសម័យនេះហើយមិនត្រូវធ្វើ ឱ្យប្រជាពលរដ្ឋខ្វះខាត់ទឹកប្រើ ឬប្រើប្រាស់ទឹកកខ្វក់ទៀតឡើយ។សូមជម្រាបថា ចំពោះស្ថានភាពនៃការប្រើប្រាស់ទឹកស្អាតនៅតាមឃុំ និងតាមការទទួលព័ត៌មានពីអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ ឃើញថាភូមិ ឃុំ មានទឹកប្រើប្រាស់ តែទឹកមិនសូវមានគុណភាព ទឹកចេញតិច មិនគ្រប់តាមតម្រូវការ មានចំនួន ៨២ភូមិ/១១ឃុំ។ ភូមិ-ឃុំ មិនទាន់តបណ្តាញ ទឹកចូលដល់មានចំនួន ២៨ភូមិ/៦ឃុំ ក្នុងនោះក្រុមហ៊ុនទឹកស្អាតសន្យាតបណ្តាញទឹកចូល ភូមិក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ភូមិ-ឃុំ ដែលមិនទាន់មានអាជ្ញាប័ត្រចូលដល់នៅសល់ ចំនួន ១៤ភូមិ/៣ឃុំ។